
មកដល់ថ្ងៃនេះ មានការបែកធ្លាយព័ត៌មានជាច្រើនស្មាតហ្វូនស៊េរីថ្មី Galaxy S25 Ultra របស់ក្រុមហ៊ុន Samsung។ ជាក់ស្តែងពេលនេះព័ត៌មានថ្មីនៅតែបន្តរបង្ហាញនូវរូបភាព Screenshots ស្បែកមុខកម្មវិធីថ្មី One UI ដែលដំណើរការនៅលើស្មាតហ្វូននេះ ផងដែរ។ បើមើលទៅលើរូបភាពជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra ដែលត្រូវបានចែក ចាយនៅលើ Reddit តាមអ្នកទម្លាយឈ្មោះថា GamingMK នៅពេលនេះ គឺមានការបង្ហាញនូវរូបភាព Screenshots របស់ One UI 7.0 (Android 15) យ៉ាងច្បាស់។
សូមជំរាបថា កាលពីខែតុលាកន្លងទៅនេះ ក៏ធ្លាប់មានការចែកចាយនូវរូបភាពជាច្រើនរបស់ស្បែកមុខកម្មវិធី One UI 7.0 នៅលើស្មាតហ្វូន Galaxy S24 Ultra ម្តងរួចហើយ ដែលពេលនេះ មានការបង្ហាញពីការ Upgrade យ៉ាងច្រើនទៅលើ One UI ដែលដំណើរការនៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា សម្រាប់ One UI 7.0 និង Android 15 នឹងបង្ហាញខ្លួននៅលើស្មាតហ្វូន Galaxy S25 series នៅឆ្នាំក្រោយនេះហើយ។

គួរបញ្ជាក់ថា នៅខែក្រោយនេះ ស្មាតហ្វូន Galaxy S24 និងស្មាតហ្វូនជាច្រើនទៀត ក៏នឹងទទួលបាននូវ One UI 7.0 ផងដែរ បន្ទាប់ពីការអាប់ដេតចុងក្រោយ។ សម្រាប់ស្មាតហ្វូន Galaxy S25 Ultra នេះ នឹងមានការឌីស្សាញកាន់តែទាក់ទាញ ជាមួយនឹងអេក្រង់រាបស្មើ ងាយស្រួលក្នុងការកាន់ និងមានរន្ធផតសម្រាប់ដាក់ប៊ិច S Pen ផងដែរ។ បន្ថែមពីនេះ ស្មាតហ្វូន Galaxy S25 Ultra នេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដ៏ខ្លាំងក្លាថែមទៀត!

