
ជាមួយនិងវត្តមានស្មាតហ្វូន Flagship របស់ក្រុមហ៊ុន Samsung នៅឆ្នាំ 2025 បានក្លាយជាប្រធានបទដ៏ក្តៅមួយ ហើយវាក៏មានការជជែកអំពីការ upgrade មួយចំនួនទៅលើស្មាតហ្វូននេះផងដែរ។ យោងតាមពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានការកែប្រែជាច្រើនប្រៀបធៀបជាមួយស្មាតហ្វូន Galaxy S25 series ដែលមុខងារមួយនោះ គឺទៅលើទំហំថាមពលថ្មរបស់ស្មាតហ្វូននេះ។
ថ្មីៗនេះ មានការបែកធ្លាយមួយបញ្ជាក់ថា ស្មាតហ្វូន Galaxy S26 Ultra នេះ អាចនឹងមានថាមពលថ្មទំហំ 7,000mAh ដែលមានការបង្កើនទំហំ 2,000mAh ច្រើនជាងស្មាតហ្វូននៅក្នុងឆ្នាំនេះ។ នេះគឺជាការ upgrade ដ៏ធំមួយដែលយើងបានឃើញនៅក្នុងប៉ុន្មានឆ្នាំនេះ។ ទន្ទឹមនឹងនេះ នៅពេលនេះ ក្រុមហ៊ុនជាច្រើនរបស់ចិន ក៏ចាប់ផ្តើមផ្តោតទៅលើបច្ចេកវិទ្យាថ្ម Silicon-carbon ដែលផ្តល់នូវដង់ស៊ីតេថាមពលថ្មខ្ពស់ជាងមុនដែលអនុញ្ញាតអោយមានថាមពលថ្មធំជាងមុនថែមទៀតផង។ ជាលទ្ធផល ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនរបស់ចិន គឺប្រើប្រាស់ថាមពលថ្មដល់ទៅ 6,000mAh នៅលើស្មាតហ្វូនរបស់ខ្លួន។

មានកាលើកឡើងថា តើក្រុមហ៊ុនSamsung នឹងចូលរួមប្រកួតប្រជែងទៅលើថាមពលថ្មឆាប់ៗនេះទេ? អ្នកទម្លាយ @PandaFlashPro បាននិយាយថា ទេ ដោយគាត់អះអាងថា “ខ្ញុំនឹងលុបចោលនូវគណនី Twitter account ប្រសិនបើក្រុមហ៊ុន Samsung បំពាក់នូវថាមពលថ្មទំហំ 7000mAh ឬ 6000mAh ទៅលើស្មាតហ្វូន Galaxy S26 Ultra។ ផ្អែកទៅលើប្រភពចំនួន 5 របស់ខ្ញុំ ទំហំថាមពលថ្មរបស់ស្មាតហ្វូន Samsung អាចនឹងត្រឹមតែ 5500mAh ប៉ុណ្ណោះ។” គួរបញ្ជាក់ផងដែរថា ទីផ្សារស្មាតហ្វូនសហរដ្ឋអាមេរិកក៏មានការផ្លាស់ប្តូរយុទ្ធសាស្រ្តផ្សេងៗដើម្បីប្រជែងទៅនឹងទីផ្សាររបស់ចិនផងដែរ៕
