ស្វែងរកពួកយើង:

រថយន្ត Ford Capri ស៊េរីថ្មីឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារអឺរ៉ុបជាមួយតម្លៃជាងប្រាំម៉ឺនដុល្លារអាមេរិក

ដោយ

Koun Jab Luffy

15 កក្កដា 2024 04:07 ល្ងាច

អាន 3 នាទី

Article image
នៅពេលនេះក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក បាននាំយករថយន្តម៉ាក Capri ចូលមកកាន់ទីផ្សារជាថ្មីម្តងទៀតជាមួយនឹងការប្រកាសចេញម៉ូដែលឆ្នាំ 2025 Ford Capri។ Capri គឺជាឈ្មោះដែលត្រូវបានប្រើដំបូងនៅលើរថយន្តខ្នាតតូចប្រភេទ Fastback coupe ដែលផលិតឡើងសម្រាប់ទីផ្សារផ្តាច់មុខក្នុងតំបន់អឺរ៉ុបក្នុងចន្លោះទសវត្សឆ្នាំ 1960 និង 1980។
នៅពេលនេះ Ford បានគាស់យកឈ្មោះម៉ូដែលមួយនេះមកប្រើជាថ្មីម្តងទៀតនៅលើរថយន្តស៊េរីថ្មីដែលជាប្រភេទរថយន្តអគ្គិសនី Compact Crossover EV ដែលមានឈ្មោះថា Ford Capri 2025។
Article image
Ford Capri 2025 គឺដូចគ្នានឹងម៉ូដែល Ford Explorer EV ដែលជាម៉ាកយីហោផ្តាច់មុខសម្រាប់ទីផ្សារអឺរ៉ុប។ រថយន្តអគ្គិសនីស៊េរីថ្មរបស់ Ford មួយនេះផលិតឡើងដោយឈរនៅលើទម្រង់គ្រោងឆ្អឹង MEB platform របស់សម្ព័ន្ធក្រុមហ៊ុន VW Group ដែលទម្រង់គ្រោងឆ្អឹងនេះត្រូវបានប្រើនៅលើម៉ូដែល VW ID.4 Crossover។  សម្រាប់រចនាបថរបស់រថយន្ត Ford Capri ស៊េរីឆ្នាំ 2025 នេះ គឺមើលទៅសឹងតែដូចគ្នាប៉ះបិតជាមួយ Ford Explorer EV សម្រាប់ទីផ្សារអ៊ឺរ៉ុប និងរថយន្ត Polestar 2 ជាមួយនឹងការឌីស្សាញរូបរាងឡើងបែបរថយន្ត crossover coupe កាត់ sedan ធ្វើឲ្យរថយន្តស៊េរីថ្មីនេះមានរូបរាងតូចច្រឡឹង។
Article image
Ford Capri 2025 មានប្រវែងបណ្តោយ 182.4-inch/ ទទឹង 73.7-inch និងកម្ពស់ 64-inch ដែលស្រដៀងទៅនឹងវិមាត្ររបស់ម៉ូដែល VW ID.5។ រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Ford នេះ ផ្តល់ជូននូវជម្រើសយ៉ាន់កង់ទំហំ 19-inch (ស្តង់ដារ) និងជម្រើសទំហំធំដល់ 20-inch និង 21-inch។ នៅផ្នែកខាងក្រោយកៅអីក្រោយអាចផ្ទុកទំងន់បាន 595 លីត្រ និងដល់ 1,510 លីត្រ នៅពេលកាច់បត់កៅអីក្រោយចុះ។ សម្រាប់ការរចនាតុបតែងផ្នែកខាងក្នុងរបស់ Ford Capri 2025 គឺមិនខុសគ្នាពីម៉ូដែល Ford Explorer EV នោះទេ ដូចជាមានបំពាក់នៅអេក្រង់កម្សាន្តនៅកណ្តាល Dashboard ទំហំ 14.6-inch touchscreen display ជាដើម។
Article image
រថយន្តអគ្គិសនីស៊េរីថ្មី Ford Capri 2025 ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 282 សេះ និងកំលាំងរមូល 402lb-ft ដោយអាចជាន់សន្ទុះល្បឿនពី 0 ទៅ 62mph ប្រើពេលខ្ទង់ 6.4 វិនាទី។ សម្រាប់កញ្ចប់អាគុយវិញ Ford Capri 2025 ប្រើប្រាស់ប្រភេទ Li-NMC battery ទំហំ 77 kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 300 ម៉ាយល៍ ហើយក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដល់កំលាំង 135kW។
Article image
ចំនែកម៉ូដែល Ford Capri 2025 ប្រើប្រព័ន្ធម៉ូទ័រអគ្គិសនីពីរវិញ (dual motor) អាចផលិតកំលាំងសរុបបាន 335 សេះ និងកំលាំងរមូល 501 lb-ft ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 62 mph ប្រើពេលខ្ទង់ 5.3 វិនាទី។ ម៉ូដែល dual-motor នេះបំពាក់កញ្ចប់អាគុយទំហំ 79kWh ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 368 ម៉ាយល៍ និងគាំទ្រកំលាំងសាកភ្លើងល្បឿនលឿនដល់ 185kW។ សម្រាប់តម្លៃ Ford Capri 2025 នៅទីផ្សារអឺរ៉ុប គឺខ្ទង់ €51,950 ឬប្រហែល $56,661 ថ្លៃជាងម៉ូដែល Ford Explorer EV ប្រមាណ €2,450៕
រថយន្ត Ford Capri ស៊េរីថ្មីឆ្នាំ 2025 បានបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារអឺរ៉ុបជាមួយតម្លៃជាងប្រាំម៉ឺនដុល្លារអាមេរិក