
ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំប្រទេសអូស្រ្តាលីបានធ្វើការណែនាំបង្ហាញចេញរថយន្ត Ford Ranger ម៉ូដែល Plug-in-hybrid (PHEV) រីឯការចេញលក់ផ្លូវការណ៍ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ 2025។ ដើមឡើយ Ford Australia បានបង្ហើបថា Ford Ranger PHEV នឹងមកដល់នៅដើមឆ្នាំថ្មីខាងមុខនេះ ប៉ុន្តែ ពេលនេះក៏បានបញ្ជាក់ផ្លូវការណ៍ថា Ranger PHEV នឹងមកដល់ពាក់កណ្តាលឆ្នាំ 2025 ឯណោះវិញ។
ការបង្ហាញវត្តមានរបស់ Ranger PHEV នឹងក្លាយជាគូប្រជែងជាមួយរថយន្ត BYD Shark 6 ដែលជារថយន្ត Pickup-PHEV ute ដំបូងគេនៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលក្រុមហ៊ុនGWM បានត្រៀមក្នុងការបង្ហាញចេញម៉ូដែល Cannon Alpha Hi4-T នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 អាចចន្លោះខែមេសា និងខែមិថុនា ឬទំនងជានឹងបង្ហាញមុន Ford Ranger PHEV ពីរបីសប្តាហ៍ ឬក៏មួយខែមុន។

ក្រុមហ៊ុន Ford បានបញ្ជាក់ថាសម្រាប់ខ្សែស្រឡាយរថយន្ត Pickup-PHEV របស់ខ្លួននឹងមាននៅក្នុងម៉ូដែល Ranger XLT, Sport និង Wildtrak ខណៈដែលបច្ចុប្បន្នមានទាំងជម្រើសម៉ាស៊ីន bi-turbo 2.0-liter និង single-turbo 3.0-liter V6 diesel engines ក៏ដូចជាប្រព័ន្ធ Plug-in-hybrid ថ្មី ដែលមានប្រើតែនៅលើម៉ូដែល Ford Ragner Stormtrak តែមួយគត់។

រថយន្ត Ranger PHEVs នឹងក្លាយជាម៉ូដែលតែមួយគត់នៃក្រុមហ៊ុនរថយន្ត Pickup truck Ute ដែលមានការសាកភ្លើងពីខាងក្រៅកំលាំង 2.3kW (2,300W) នៅក្នុងកាប៊ីន និងកំលាំង 3.45kW (3,450W) ចំនួនពីផ្នែកគ្រែដឹកខាងក្រោយ។ Ford Ranger PHEV ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងទំហំ 2.3-liter turbocharged មាន 4-ស៊ីឡាំង គូបផ្សំដំណើរការដោយប្រព័ន្ធម៉ូទ័រអេឡិចត្រូនិចកំលាំង 75kW ភ្ជាប់ដំណើរការជាមួយប្រអប់លេខស្វ័យ 10 វគ្គ។

Ford បានបញ្ជាក់ថា Ranger PHEV អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន 45 គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យម្ចាស់វាអាចធ្វើដំណើរកម្សាន្តក្នុងរយៈពេលខ្លីដោយមិនចាំបាច់បញ្ចេះម៉ាស៊ីនឡើយ។ សម្រាប់មុខងារកំនត់ក្នុងការបើកបរ ឬ Driving Mode វិញ គឺមានចំនួនបួនដូចជាង Auto EV, EV Now, EV Later និង EV Charge ជាដើម។ ហើយសម្រាប់សមត្ថភាពក្នុងការអូសសណ្តោងទំងន់វិញ គឺអាចធ្វើបានដល់ 3,500kg ដូចនឹងម៉ូដែល Ford Ranger ទូទៅដែរ។

នាយកទីផ្សារ Ford Australia លោក Ambrose Henderson បាននិយាយថា “អរគុណចំពោះមុខងារ EV Mode របស់ Ranger PHEV ដែលយើងមានទំនុកចិត្តថា ម្ចាស់រថយន្តនឹងរីករាយជាមួយភាពបត់បែនក្នុងការប្រើប្រាស់ថាមពលថ្មសម្រាប់ការធ្វើដំណើរដោយប្រើអគ្គិសនីសុទ្ធក្នុងរយះចម្ងាយផ្លូវជិតៗ ឬក៏ភ្ជាប់ជាមួយម៉ាស៊ីនសាំងសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ និងការអូសទាញអីវ៉ាន់ផ្សេងៗ។”

Ford មិនទាន់ប្រកាសពីតម្លៃសម្រាប់ Ranger PHEV នៅឡើយទេ ប៉ុន្តែមានការព្យាករណ៍ថា វានឹងមានតម្លៃថ្លៃជាង Ford Ranger ប្រើម៉ាស៊ីន V6 turbo-diesel នៃប្រភេទរថយន្តភីកអាប់ dual-cab។ ដោយឡែកសម្រាប់តម្លៃរបស់ Ford Ranger XLT បច្ចុប្បន្ននៅទីផ្សារអូស្ត្រាលី គឺខ្ទង់ $68,840 ខណៈដែរ Ford Ranger Sport V6 មានតម្លៃចាប់ពីខ្ទង់ $71,340 និង Ford Wildtrak មានខ្ទង់ $74,840៕
