
រថយន្ត Mazda BT-50 ស៊េរីឆ្នាំ 2025 ត្រូវបានប្រកាសចេញជាផ្លូវការណ៍ ជាមួយការធ្វើបច្ចុប្បន្នភាពថ្មីទៅលើរចនាបថផ្នែកខាងក្នុង និងខាងក្រៅ ប្រព័ន្ធសុវត្ថិភាពមានភាពល្អប្រសើរជាងមុន រួមនឹងប្រព័ន្ធអេក្រង់កម្សាន្តថ្មី។ រថយន្ត Pickup ស៊េរីថ្មីឆ្នាំ 2025 របស់ជប៉ុនមួយនេះ នឹងមានវត្តមានលក់នៅទីផ្សារប្រទេសអូស្ត្រាលីជាលើកដំបូងនៅដើមឆ្នាំក្រោយនេះ។
សម្រាប់ការរចនាបថថ្មីរបស់ Mazda BT-50 ស៊េរីឆ្នាំ2025 គឺមានភាពប្រហាក់ប្រហែលគ្នានឹងម៉ូដែល Isuzu D-Max ដែលបានប្រកាសចេញកាលពីដើមឆ្នាំ 2024។ BT-50 ត្រូវបានក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពចំនួន 4 ដងចាប់តាំងពីម៉ូដែលជំនាន់ទី 3 ត្រូវបានប្រកាសចេញក្នុងឆ្នាំ 2022។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើបច្ចុប្បន្នភាពថ្មីសម្រាប់ម៉ូដែលឆ្នាំ 2025 លើកនេះ គឺមានលក្ខណៈទូលំទូលាយជាងជំនាន់មុនៗបំផុត។ នៅផ្នែកខាងមុខរបស់ BT-50 ស៊េរី 2025 ត្រូវបានកែលម្អឡើងថ្មីជាមួយសំណាញ់ប៉ាណាមុខថ្មីមានភាពប្រណិតទាន់សម័យជាងមុនជាមួយការរំលេចដោយចង្កៀងបំភ្លឺពេលថ្ងៃ LED daytime running light តូចស្តើងដែលយកលំនាំតាមម៉ូដែល CX-5។

សម្រាប់ Mazda BT-50 2025 ម៉ូដែល SP មានរំលេចឆ្នូតពណ៌ក្រហមបន្តិចនៅលើផ្ទាំងសំណាញ់ប៉ាណា ដែលដូចគ្នា Mazda 2 hatchback។ ទោះជាយ៉ាងណាសម្រាប់យ៉ាន់កង់វិញ គឺមិនមានការផ្លាស់ប្តូរថ្មីនោះទេ ដោយរក្សាដូចជំនាន់មុនដដែលជាមួយយ៉ាន់កង់ប្រភេទ Alloy Wheel។

ចំនែកកន្ទុយខាងក្រោយរបស់ BT-50 ស៊េរីឆ្នាំ 2025 មានការកែប្រែរចនាបថថ្មីជាមួយការរចនាបន្ទាត់ភ្លើងបំភ្លឺខាងក្រោយថ្មីទាន់សម័យជាងមុន។ ប្រទេសអូស្ត្រាលី គឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់រថយន្ត Mazda BT-50 ទូទាំងពិភពលោក ហើយដូចជាការបង្ហាញខ្លួនដំបូងរបស់ BT-50 ម៉ូដែល TF ក្នុងឆ្នាំ 2020។

Mazda BT-50 ស៊េរីឆ្នាំ 2025 មានជម្រើសថ្មីចំនួន 3 គឺពណ៌ក្រហមហៅថា Red Earth, ពណ៌សហៅថា Geode White និងពណ៌ខៀវហៅថា Sailing Blue metallics។ នៅផ្នែកខាងក្នុងរបស់ Mazda BT-50 ឆ្នាំ 2025 មានការកែប្រែថ្មីសម្រាប់អេក្រង់កម្សាន្ត អេក្រង់បង្ហាញព័ត៌មាន រួមនឹងសម្ភារថ្មីពិសេសៗជាច្រើនទៀត។
BT-50 ស៊េរីឆ្នាំ 2025 ទទួលបានការបំពាក់នូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីសម្រាប់អេក្រង់កម្សាន្តជាមួយការបង្កើនអេក្រង់ធំជាងមុនឡើងដល់ទំហំ 9.0-inch នៅលើម៉ូដែលកំពូល។ អេក្រង់កម្សាន្តនៅលើ Mazda BT-50 ឆ្នាំ 2025 គាំទ្រមុខងារ Android Auto និង Apple CarPlay រួមទាំងការបញ្ចូលនូវមុខងារបង្ហាញស្ថានភាពរថយន្ត និងម៉ឺនុយកំណត់់មុខងាររថយន្តថ្មី។

រថយន្ត Pickup ជប៉ុនថ្មីមួយនេះមានបំពាក់នូវរន្ធសាកប្រភេទ USB-C និងប៊ូតុង Touch sensitive ថ្មីជំនួសឲ្យប៊ូតុងចុចធម្មតា (Physical Button)។ អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 7.0-inch។ សម្រាប់ប្រព័ន្ធជំនួយការបើកបរដែលមាននៅលើ BT-50 2025 រួមមានដូចជា active safety measures មានដូចជា stop-and-go traffic jam assistance សម្រាប់មុខងារ adaptive cruise control, និង intelligent speed limit assist ជាមួយ traffic sign recognition។
មុខងារជំនួយការបើកបរដែលមានដូចជា rear cross-traffic system alert system, lane-keep assistance system,និង autonomous emergency braking system ដែលមានដូចជា motorcycle detection pedestrian detection សម្រាប់ប្រព័ន្ធហ្វាំ្រង AEB។
ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Mazda BT-50 ស៊េរីឆ្នាំ 2025 ក្រុមហ៊ុនមិនទាន់បានបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ សម្រាប់ព័ត៌មានលម្អិតពេញលេញនៃរថយន្ត Mazda BT-50 ស៊េរីឆ្នាំ 2025 ត្រូវបានរំពឹងថានឹងបង្ហាញនៅដើមឆ្នាំក្រោយ គឺនៅមុនពេលការចេញលក់ក្នុងស្រុកដែលនឹងធ្វើឡើងនៅត្រីមាសទី 1 ឆ្នាំ 2025៕
