ស្វែងរកពួកយើង:

រថយន្ត Onvo L60 នាំចេញបានចំនួន 20,000 គ្រឿងត្រឹមរយះពេល 3 ខែបន្ទាប់ពីថ្ងៃប្រកាសចេញលក់

ដោយ

Koun Jab Luffy

27 ធ្នូ 2024 02:26 រសៀល

អាន 2 នាទី

Article image
Onvo L60 គឺជារថយន្តប្រភេទ Fastback SUV ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ និងប្រើកញ្ចប់ថ្មដែលអាចធ្វើការដោះ ដូរបាន។ រថយន្តម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិន ដែលគិតមកទល់នឹងពេលនេះ គឺមានរយះពេល 3 ខែមកហើយ។
នៅក្នុងរយះពេល 3 ខែមកនេះ Onvo L60 បានធ្វើការនាំចេញបានចំនួនដល់ 20,000 គ្រឿងហើយ។ Onvo L60 គឺជាម៉ាករថយន្ត mid-to-high-end ដែលគ្រប់គ្រងដោយក្រុមហ៊ុន Nio។ ហើយ L60 គឺជាម៉ូដែលដំបូងរបស់របស់ Onvo ដែលត្រូវបានប្រកាសចេញលក់ជាផ្លូវការណ៍កាលពីថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2024 ដែលមានតម្លៃខ្ទង់ប្រហែល $21,200 ដែលមានសេវាកម្ម BaaS (Battery as a service) ។
ហើយបន្ទាប់ពីធ្វើការនាំចេញរយះពេលប្រមាណ 3 ខែ Onvo បានធ្វើការលក់បានចំនួន 20,000 គ្រឿងសម្រាប់រថយន្ត L60 Crossover ដំបូងរបស់ខ្លួនមួយនេះ។ យោងតាមរបាយការណ៍ពីស្ថាប័ន  China EV DataTracker បានបង្ហាញថា Onvo L60 បានធ្វើការនាំចេញបានចំនួន 832 គ្រឿង ក្នុងរយះពេលត្រឹម 3 ថ្ងៃប៉ុណ្ណោះកាលពីខែកញ្ញាកន្លងទៅ។ ហើយនៅក្នុងខែតុលា មានអតិថិជនចំនួន 4,319 នាក់បានទទួលរថយន្ត L60 ដែលខ្លួនបានបញ្ជាទិញ ហើយនៅក្នុងខែតុលា ការនាំចេញ Onvo L60 បានកើនឡើងដល់ចំនួន 5,082 គ្រឿង។ ហើយការនាំចេញ Onvo L60 បាននាំចេញបន្ថែមចំនួន 9,767 គ្រឿង ត្រឹមរយះពេល 27 ថ្ងៃក្នុងខែធ្នូនេះ។
Article image
ថ្មីៗនេះ Onvo បានប្រកាសថា ខ្លួននឹងធ្វើការនាំចេញ L60 ឲ្យបានចំនួន 10,000 គ្រឿង នៅក្នុងខែធ្នូនេះ។ ក្រុមហ៊ុនម៉ាករថយន្តថ្មីរបស់ Nio មួយនេះត្រូវបានគេមើលឃើញថា បានធ្វើការនាំចេញបានរថយន្ត L60 ចំនួន 360 គ្រឿងជារៀងរាល់ថ្ងៃ។ កាលពីដើមខែធ្នូនេះ ប្រធានក្រុមហ៊ុន Onvo លោក Xia Qinghua បាននិយាយថា រាល់បញ្ហាកញ្ចប់ថ្មសម្រាប់រថយន្ត Onvo គឺនឹងត្រូវបានធ្វើការដោះស្រាយជូនដល់អតិថិជនបានយ៉ាងឆាប់រហ័សតាមរយះស្ថានីយប្តូរថ្ម Nio PSS (Power Swap Stations)។ Onvo L60 ត្រូវបានគេស្គាល់ថាជារថយន្តអគ្គិសនីប្រភេទ Crossover ដែលជាដៃគូប្រជែងជាមួយ Tesla Model Y នៅទីផ្សារប្រទេសចិន។
Article image
យ៉ាងណាមិញបើតាមទិន្នន័យលក់របស់ Onvo L60 ត្រូវបានគេមើលឃើញថា ហាក់នៅមានគម្លាតរាងឆ្លាយបន្តិចពីទិន្នន័យលក់របស់ Tesla Model Y។ ក្នុងខែវិច្ឆិកា កន្លងទៅ Tesla Model Y លក់បានចំនួន 44,567 គ្រឿង នៅទីផ្សារប្រទេសចិន ដែលធ្វើឲ្យរថយន្តអគ្គិសនីផលិតដោយក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះបានឈរនៅលេខរៀងទីពីរបន្ទាប់ពីរថយន្ត BYD Seagull ដែលជារថយន្តអគ្គិសនីមានតម្លៃធូរថ្លៃ៕