
Yangwang ដែលជាម៉ាកយីហោរថយន្តថ្នាក់ប្រណិតស៊េរីខ្ពស់បំផុតមួយរបស់ក្រុមហ៊ុន BYD បានប្រកាសជាផ្លូវការណ៍ថា ការបង្ហាញវត្តមាននៃកំពូលរថយន្តប្រណិតស៊េរីថ្មីដែលមានតម្លៃ 1 លានយាន់ ឬប្រហែល $138,400 គឺ Yangwang U7 នឹងត្រូវប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 27 ខែមីនានេះ។ Yangwang U7 ត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធបច្ចេកវិទ្យាគ្រោងឆ្អឹង e4 platform technology និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី 4 ដែលផ្តល់ថាមពលទៅឲ្យកង់ទាំងបួនរបស់ U7 តែម្តង។
រថយន្តអគ្គិសនីប្រភេទ sedan ថ្នាក់ប្រណិតម៉ាក Yangwang មួយនេះ មានបណ្តោយ 5,265mm/ ទទឹង 1,998/ កំពស់ 1,517mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ នៅផ្នែកខាងក្នុងរបស់ Yangwang U7 មានការរចនាបែប Star Ring Cockpit ដូចគ្នានឹងម៉ូដែល Yangwang U8 ដែរ ដោយក្នុងនោះ គឺមានការបំពាក់នូវអេក្រង់កោងនៅកណ្តាលទំហំ 12.8-inch ជាប្រភេទ OLED Display ដែលដំណើរការជាមួយប្រព័ន្ធ DiLink intelligent connectivity system ជំនាន់ថ្មីដែលគាំទ្រដំណើរការដោយបន្ទះឈីបខ្នាត 4nm cockpit chip ហើយក៏គាំទ្រនូវមុខងារជំនួយការបញ្ជាតាមរយះសំឡេងថែមទៀតផង។

បន្ថែមពីនេះ Yangwang U7 គាំទ្រនូវមុខងារបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ AR-HUD រួមនឹងប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor នៅលើដំបូលសម្រាប់ជំនួយដល់ការបើកបរ។ ប្រព័ន្ធម៉ូទ័រទាំងបួនរបស់ Yangwang U7 គឺអាចផលិតកំលាំង 240kW រៀងៗខ្លួន ដែលសរុបកំលាំងបញ្ចូលគ្នា គឺធ្វើបានដល់ 1,300 សេះ និងកំលាំងរមូល 1,584Nm ជាមួយនឹងប្រព័ន្ធរង្វិលជុំនៃម៉ូទ័រ 21,000rpm ដែលផ្តល់នូវប្រសិទ្ធិភាពកំលាំងឲ្យ U7 ធ្វើការកាន់តែខ្លាំងប្រសើរជាងមុនដល់ទៅ 94.5% និងអាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 2.9 វិនាទីប៉ុណ្ណោះ។
Yangwang U7 បំពាក់នូវប្រព័ន្ធបន្ទះឈីប Nvidia Orin-X autonomous driving chips ចំនួនពីរសម្រាប់ជំនួយដល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិជាមួយកម្រិតយល់ដឹង 508 TOPS។ រថយន្តស៊េរីថ្មីនេះ មានបំពាក់នូវប្រព័ន្ធសែនស័រ ultra-long-range LiDARs ចំនួន 3 គ្រាប់, millimeter-wave radars ចំនួន 5 គ្រាប់, ប្រព័ន្ធកាមេរ៉ា 13 HD cameras និង ultrasonic radars ចំនួន 12 គ្រាប់ សម្រាប់ដំណើរជាមួយប្រព័ន្ធជំនួយការបើកបរកម្រិត L2+ advanced driver assistance។
រថយន្តអគ្គិសនីម៉ាក Yangwang ទាំងអស់គាំទ្រនូវប្រព័ន្ធសាកភ្លើងកំលាំង 800V high-voltage platform ហើយនៅលើម៉ូដែល U7 មានរន្ធសាកភ្លើងល្បឿនលឿនចំនួនពីរ dual-gun ultra-fast charging ដែលគាំទ្រការសាកភ្លើងដល់ 500kW ហើយការសាកភ្លើងតែ 10 នាទីអាជិះបានចម្ងាយផ្លូវ 300km។ បើតាមរបាយការណ៍ព័ត៌មានកន្លងមកបានបង្ហើបថា Yangwang U7 EV អាចជិះបានចម្ងាយផ្លូវដល់ 720km នៅពេលសាកភ្លើងមួយពេញម្តង។ ក្រៅតែពីម៉ូដែលអគ្គិសនីសុទ្ធ Yangwang U7 ក៏នឹងមានជម្រើសម៉ូដែល Plug-in-hybrid ឬ PHEV មួយទៀតផងដែរ ដែលនឹងបំពាក់នូវម៉ាស៊ីន Hybrid ថ្មីដ៏មានអនុភាពដែលអភិវឌ្ឍន៍ផលិតដោយក្រុមហ៊ុន Yangwang ផ្ទាល់តែម្តង។

បើតាមប្រភពបានបញ្ជាក់ថា Yangwang U7 PHEV អាចជិះបានចម្ងាយផ្លូវដល់ 1,000km នៅពេលសាកភ្លើងអាគុយពេញ និងចាក់សាំងមួយពេញម្តង។ សម្រាប់ម៉ូដែល PHEV ក្រុមហ៊ុនមិនទាន់បង្ហើបពីតម្លៃនៅឡើងទេក្នុងពេលនេះ ដូចរងចាំអ៊ុតតម្លៃនៅថ្ងៃទី 27 មីនា ខាងមុខនេះទាំងអស់គ្នា៕
