
ថ្មីៗនេះ ស្ថាប័ន Euro NCAP ទើបតែបង្ហាញនូវរថយន្តល្អបំផុត (Best in Class) ដែលជាម៉ូដែលរថយន្តសុវត្ថិភាពបំផុត នៅក្នុងឆ្នាំ 2024។ នៅក្នុងការធ្វើតេស្តឆ្នាំ 2024 នេះ គឺមានរថយន្តចំនួន 5 ចេញពីប្រទេសចិន អាល្លឺម៉ង់ និងជប៉ុន ដោយបានធ្វើតេស្តទៅលើស្តង់ដារសុវត្ថិភាពខ្ពស់បំផុត។ សម្រាប់រថយន្តដែលឈ្នះនៅក្នុង Best in Class នេះ គឺមានចំនួន 2 រួមមានរថយន្ត MAZDA CX-80 និង ZEEKR X។ សម្រាប់រថយន្តដែលមានសមត្ថភាពខ្លាំងបំផុតនោះគឺ Mercedes-Benz E-Class។ រថយន្តអាល្លឺម៉ង់មួយនេះ មានពិន្ទុខ្ពស់បំផុតទៅលើប្រព័ន្ធសុវត្ថិភាពទូទៅ ដែលបានតេស្តកាលពីឆ្នាំមុននេះ។
ស្ថាប័ននេះ បានបញ្ជាក់ថា រថយន្តដែលមានប្រព័ន្ធសុវត្ថិភាពល្អបំផុតឈ្នះនៅក្នុង Euro NCAP នៅក្នុងឆ្នាំ 2024 នេះគឺម៉ូដែល Mercedes-Benz E-Class។ Mercedes-Benz E-Class ទទួលបាននូវពិន្ទុខ្ពស់ល្អបំផុត ហើយវាក៏ទទួលបានចំណាត់ខ្ពស់នៅក្នុងប្រព័ន្ធសុវត្ថិភាព 4 Categories រួមមានដូជជា ប្រព័ន្ធសុវត្ថិភាពមនុស្សពេញវ័យ (Adult Occupant Protection), ប្រព័ន្ធសុវត្ថិភាពកុមារ (Child Occupant Protection), ប្រព័ន្ធសុវត្ថិភាពការពារអ្នកធ្វើដំណើរតាមផ្លូវ (Vulnerable Road User Protection) និង បច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាច្រើនទៀត (Safety Assist Technologies)។

រថយន្ត SUVs តូចសម្រាប់ឆ្នាំនេះ គឺមាន 20 ម៉ូដែលនៅក្នុងចំណោមរថយន្តចំនួន 44 ដែលបានតេស្តដោយស្ថាប័ន Euro NCAP ហើយក៏បង្ហាញអំពីតម្រូវការរបស់អ្នកប្រើប្រាស់ទៅលើការឌីស្សាញរថយន្ត SUV នេះ។ សម្រាប់រថយន្ត SUV តូចនេះគឺមានរថយន្ត ZEEKR X របស់ចិន ដែលឈរនៅចំណាត់ថ្នាក់កំពូលយកឈ្នះរថយន្តជាច្រើននៅអ៊ឹរ៉ុប។ សម្រាប់រថយន្តជាច្រើនទៀតនៅលើទីផ្សារ ដូចជារថយន្ត Deepal’s S07, Porsche Macan, Cupra Tavascan, MG HS, Toyota C-HR, Volvo EX30 និង XPENG G6 ក៏ទទួលបាននូវពានរង្វាន់ផងដែរ។ សម្រាប់រថយន្ត ZEEKR X ក៏បានឈ្នះនូវពានរង្វាន់ Best in Class សម្រាប់រថយន្តអគ្គិសនីសុវត្ថិភាពបំផុតសម្រាប់ឆ្នាំ 2024 នេះ។

សម្រាប់រថយន្ត SUV ខ្នាតធំនៅក្នុងឆ្នាំ 2024 នេះ ស្ថាប័ន Euro NCAP ក៏បានតេស្តទៅលើរថយន្ត 7 កៅអីចំនួន 6 ម៉ូដែលនៅក្នុងក្រុម Category នេះផងដែរ។ រថយន្ត Mazda CX-80 នេះគឺជារថយន្ត Best in Class សម្រាប់ឆ្នាំ 2024 ដែលបានយកឈ្នះទៅលើរថយន្ត Audi Q6 e-tron ផងដែរ។ នៅក្នុងរថយន្ត Large Family Car វិញ មានដូចជារថយន្ត Volkswagen Passat និង Škoda Superb ដែលស្ថិតនៅក្នុង Best in Class ដែលមានសុវត្ថិភាពខ្ពស់បំផុតនាំមុខគេថែមទៀត៕
