
ថ្មីនេះ ក្រុមហ៊ុន BYD បានបញ្ចេញនូវការឌីស្សាញផ្នែកខាងក្នុងរបស់ BYD Qin L EV រថយន្តអគ្គិសនីស៊េរីថ្មីត្រូវបានទម្លាយចេញជាលើកដំបូង។ សម្រាប់លក្ខណៈពិសេសបំផុតនៃការឌីស្សាញខាងក្នុងរបស់ BYD Qin L គឺការបំពាក់នូវចង្កឹះលេខស្ថិតនៅខាងក្រោយនៃដៃចង្កូត រួមនឹងមានទូរទឹកកកថែមទៀតផង។ ផ្នែកកណ្តាល់មានដំឡើងជាមួយអេក្រង់កម្សាន្តដែលមានទំហំធំ និងអេក្រង់បង្ហាញព័ត៌មានបែបឌីជីថលស្ថិតនៅខាងក្រោយនៃដៃចង្កូតជាដើម។
BYD Qin L EV ត្រូវបានគេបញ្ជាក់ថា គឺរថយន្តម៉ូដែលថ្មីមួយ ដែលមានបណ្តោយខ្លួន 4720mm និងមានទទឹង 1,880mm ហើយនិងមានកំពស់ 1,495mm ព្រមទាំងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ រថយន្ត BYD Qin L គឺជាម៉ូដែលរថយន្តអគ្គិសនីសុទ្ធ ដែលជាជម្រើសថ្មីបន្ទាប់ពីម៉ូដែល Plug-in-hybrid Qin L DM-i ដែលមានការប្រកាសចេញលក់នៅទីផ្សារប្រទេសចិនរួចមកហើយ។ ក្រៅតែពីការប្រើឈ្មោះដូចគ្នាទៅ ម៉ូដែលរថយន្តទាំងពីរនេះ គឺមានលក្ខណៈពិសេសខុសគ្នាជាច្រើន។

តាមការបញ្ជាក់ថ្មីៗនេះ បាននិយាយថា ម៉ូដែល BYD Qin L EV ត្រូវបានផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងប្រភេទ e-Platform 3.0 Evo និងមានភ្ជាប់មកជាមួយប្រព័ន្ធ God’s Eye C (DiPilot 100) driving assistant system ហើយនឹងមានផ្នែកខាងក្នុង មានលក្ខណៈប្រណីតដូចគ្នានឹងម៉ូដែល Qin L DM-i ដែរ គ្រាន់មានការផ្លាស់ប្តូរនូវលក្ខណៈពិសេសមួយចំនួនខុសគ្នាតែប៉ុណ្ណោះ ដូចជាផ្នែកកណ្តាលរបស់ Qin L EV មានកន្លែងសេរេម៉ាស៊ីនត្រជាក់ ដៃចង្កូតរចនាស្ទាយថ្មីជាមួយកាំបួន និងចង្កឹះលេខបានប្តូរទៅដាក់នៅខាងក្រោយដៃចង្កូតវិញ។

នៅលើកៅអីខាងមុខនៃរថយន្តនេះ គឺមានការបំពាក់នូវមុខងារក្តៅ និងខ្យល់ត្រជាក់។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធមុខងារ Navigation On Autopilot (NOA) សម្រាប់ជំនួយការបើកបរលើផ្លូវហាយវ៉េថែមទៀតផង។ ចំពោះផ្នែកកណ្តាលរបស់ BYD Qin L EV វិញ ក៏មានកូនទូរទឹកកកដែលអាចដាក់ក្លាសេទឹកបាន 4 ដបផងដែរ ដោយគាំទ្របានជាមួយកម្រិតនៃភាពត្រជាក់ពី 6 ទៅជាង 50 អង្សាសេ។ នៅផ្នែកកណ្តាលឃើញមានកន្លែងដាក់កែវទឹកចំនួនពីរ, កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ និងប៊ូតុងសម្រាប់កំណត់មុខងារមួយចំនួនផងដែរ។

និយាយពីសមត្ថភាពវិញ សម្រាប់ម៉ូដែល Entry-level របស់ Qin L EV គឺប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយបំពាក់នូវផ្នែកខាងមុខដែលមានកំលាំង 110kW ឬ 148 សេះ និងមានកញ្ចប់ថ្ម LFP Battery pack ទំហំ 46.08kWh ដែលសាកមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 470km បើតាមស្តង់ដារតេស្តពីស្ថាប័ន CLTC។ ចំនែកម៉ូដែលមួយទៀតរបស់ Qin L EV គឺមានបំពាក់នូវម៉ូទ័រអគ្គិសនីប្រភេទ e-Motor ដែលមានកំលាំង 160kW ឬ 215 សេះ និងប្រើកញ្ចប់ថ្មទំហំ 56.64kWh ដែលសាកពេញម្តងអាចជិះបានចម្ងាយផ្លូវ 545km តាមស្តង់ដារ CLTC។ សម្រាប់តម្លៃ និងថ្ងៃប្រកាសចេញលក់រថយន្តអគ្គិសនីសុទ្ធ Qin L EV ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
