
នៅថ្ងៃនេះ ក្រុមហ៊ុន BYD បានបង្ហាញចេញនូវរូបភាពផ្លូវការដំបូងបំផុតរបស់រថយន្តអគ្គិសនី BYD Seal 06 GT ដែលជាម៉ូដែល hot hatch មានភាពទាក់ទាញខ្លាំង ហើយនឹងត្រៀមខ្លួនប្រកាសចេញនៅក្នុងព្រឹត្តិការណ៌ Chengdu Motor Show នាពេលឆាប់ៗនេះផងដែរ។ ជាមួយនិងការឌីស្សាញបែប Ocean-M concept រថយន្ត Seal 06 GT ថ្មីនេះនឹងក្លាយជាម៉ូដែលមួយដែលឈរនៅចន្លោត្រកូល Seal sedan និង Dolphin របស់ក្រុមហ៊ុន BYD។
យផងតាមការបញ្ជាក់ពីក្រសួងឧស្សាហ៍កម្ម និងព័ត៌មានវិទ្យារបស់ចិនហៅកាត់ថា (MIIT) បានអោយដឹងថា រថយន្ត BYD Seal 06 GT នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារជាមួយនិងជម្រើសពីរ ដោយទីមួយគឺជាប្រភេទ Rear-Wheel Drive (RWD) និងមួយទៀតគឺប្រភេទ All-Wheel Drive (AWD)។

សម្រាប់ម៉ូដែល Rear-Wheel-Drive គឺមានការប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលមានកម្លាំង 218 សេះ (metric) ខណៈដែលម៉ូដែល All-Wheel Drive គឺមានការប្រើប្រាស់នូវម៉ូទ័រពីរ ដែលអាចផលិតនូវកម្លាំងអូសបាន 421 សេះ (metric)។ BYD Seal 06 GT មានវិមាត្រ 4,630*1,880*1,490mm និងមានគម្លាតកង់មុខក្រោយប្រវែង 2,820mm។

និយាយពីការឌីស្សាញរួមទៅលើ រថយន្តអគ្គិសនី BYD Seal 06 GT ជំនាន់ថ្មីនេះ គឺមានភាពរឹងមាំប្រៀបធៀបជាមួយនិងការ ឌីស្សាញ Ocean-M concept ជំនាន់មុនៗ។ ជាមួយគ្នានេះតុបតែងទៅលើផ្នែកខាងមុខ ខាងក្រោយ និងចំហៀងនៃរថយន្តនេះ គឺមានការច្នៃប្រឌិតប្រកបដោយភាពស៊ីវីល័យជាងជំនាន់មុនដូចគ្នា។

និយាយរួម Seal 06 GT គឺពិតមានរូបរាងស្អាត និងទាន់សម័យ។ បន្ថែមពីនេះទៅលើការរចនាខាងក្នុងរបស់ Seal 06 GT គឺមានការតម្លើងមកជាមួយនូវសមាសភាគទំនើបៗ និងមានភាច្នៃប្រឌិតខ្ពស់ដូចគ្នា។ ផ្នែកខាងមុខនៃកៅអីបើកនរ គឺមានអេក្រង់ 1 និងនៅចំណ្តាលនៃកៅអីទាំងពីរគឺមានអេក្រង់ 1 ទៀត។

