ស្វែងរកពួកយើង:

រថយន្តអគ្គិសនី BYD Shark ប្រកាសដាក់លក់នៅលើទីផ្សារប្រទេសមិកស៊ិកូ ជាមួយតម្លៃ 53,400 ដុល្លារ

ដោយ

Koun Jab Luffy

16 ឧសភា 2024 10:55 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ BYD បានប្រកាសចេញនូវរថយន្តអគ្គិសនី BYD Shark pickup ម៉ូដែលដំបូងរបស់ខ្លួននៅលើទីផ្សារប្រទេសមិកស៊ិកូ ជាមួយតម្លៃ  899,980 ប៉េសូ ដែលប្រហាក់ប្រហែល 53,400 ដុល្លារអាមេរិក។ រថយន្ត Plug-in hybrid (PHEV) គឺមានការបំពាក់នូវម៉ូទ័រអគ្គិសនីចំនួន 2 មានកម្លាំងសរុប 429 សេះ និងអាចបង្កើតល្បឿនបានចាប់ពី 0 ទៅដល់ 100km/h ដោយប្រើប្រាស់ថេរៈវេលាត្រឹមតែ 5.7 វិនាទីប៉ុណ្ណោះ។ សូមជំរាបថា ក្រុមហ៊ុន BYD បានប្រកាសពីការដាក់លក់នូវរថយន្តអគ្គិសនី BYD Shark pickup ម៉ូដែលដំបូងរបស់ខ្លួននេះ សម្រាប់ទីផ្សារសកលហើយ ដែលនេះ គឺជាលើកទី 1 សម្រាប់ក្រុមហ៊ុននេះ ដែលបានប្រកាសដាក់លក់រថយន្តនៅលើទីផ្សារសកល មុនទីផ្សារប្រទេសចិន។
BYD Shark គឺត្រូវបានក្រុមហ៊ុនសម្រេចដាក់អោយដំណើរការជាមួយនិងប្រព័ន្ធ DMO platform ដែលជាប្រព័ន្ធដ៏ទំនើបរបស់ក្រុមហ៊ុន BYD ដែលបានធ្វើការអភិវឌ្ឍន៏ឡើងដោយខ្លួនឯងផ្ទាល់ នឹងមានការផ្តោតខ្លាំងទៅលើការប្រើប្រាស់ក្នុងការបើកបរ off-road សម្រាប់រថយន្តដែលស្ថិតនៅក្នុងប្រភេទ PHEV។ ហើយបើផ្អែកលើ DM-p វិញ គឺមុខងារថ្មី ដែលភាគច្រើនមានការប្រើប្រាស់សម្រាប់រថយន្ត 4WD hybrids នៅក្នុងប្រទេសចិន។ សម្រាប់ DM នេះ គឺគេសំដៅទៅលើមុខងារ Dual mode។
Article image
BYD Shark ត្រូវបានគេចាត់ទុកថា គឺជាប្រភេទរថយន្ត Truck ដែលមានទំហំធំ និងមានប្រវែងជាង 5.5 ម៉ែត្រ និងមាន 5 កៅអី។ រថយន្តនេះមានវិមាត្រទំហំ 5457/1971/1925mm និងមានប្រវែងគម្លាតកង់មុខក្រោយ 3260mm។ និយាយពីសមត្ថភាពនៅលើ BYD Shark វិញ គឺមានការប្រើប្រាស់ម៉ូទ័រអគ្គិសនីខាងមុខកម្លាំង 170kW និងមានកម្រិតរមួល 310Nm peak torque ខណៈដែលម៉ូទ័រខាងក្រោយមានកម្លាំង 150kW និងមានកម្រិតរមួលd 340Nm torque។ ដូច្នេះសរុបបញ្ចូលរវាងម៉ូទ័រទាំងពីរគឺមានថាមពលកម្លាំង 320kW ស្មើរនឹង 429 សេះ និងមានកម្រិតរមួលសរុប 650Nm peak torque។
Article image
សម្រាប់កញ្ចប់អាគុយអគ្គិសនីដែលបំពាក់នៅលើ BYD Shark វិញ គឺមានទំហំ 29.58kWh ដែលសាកមួយពេញអាចបើកបរដោយប្រើថាមពលអាគុយសុទ្ធបានដល់ 100km នេះ បើតាមការបញ្ជាក់ពីស្ថាប័ន NEDC។ បន្ថែមពីនេះ បើតាមការបញ្ជាក់ពី NEDC ការប្រើបរដោយប្រើប្រព័ន្ធម៉ាស៊ីនសាំង Hybrid និងថាមពលអាគុយ គឺអនុញ្ញាតិឲ្យ BYD Shark អាចបើកបរបានចម្ងាយផ្លូវដល់ទៅ 840km។ ហើយចំពោះកម្រិតស៊ីសាំងវិញ គឺ 6.7 លីត្រ សម្រាប់រយះចម្ងាយផ្លូវ 100km។
Article image
ចូលមកផ្នែកខាងក្នុងវិញ ឃើញមានបំពាក់នូវអេក្រង់ LCD Instrument Panel ទំហំ 10.25-inch ជាមួយអេក្រង់កម្រាន្តស្ត្រីនទំហំ 12.8-inch អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ព្រមទាំងមានមុខងារបង្ហាញនៅលើកញ្ចក់ខាងមុខ Head-up-display អាចបង្ហាញបានក្នុងទំហំ 12-inch ថែមទៀតផង។ វត្តមានរបស់ BYD Shark ត្រូវបានគេជឿជាក់ថា នឹងក្លាយជាគូរប្រជែងជាមួយនិងរថយន្ត Ford Ranger PHEV និង Toyota Hilux នៅលើទីផ្សារប្រទេសមិកស៊ិកូជាក់ជាមិនខាន។