
ថ្មីៗនេះ ក្រុមហ៊ុន Xpeng បានបង្ហាញនូវរថយន្ត Xpeng X9 ដែលជារថយន្តប្រភេទ MPV ចង្កូតស្តាំនៅលើទឹកដីសឹង្ហបុរីហើយគឺនៅក្នុងព្រឹត្តិការណ៌ Singapore Motorshow 2025។ កន្លងមក ក្រុមហ៊ុន Xpeng បានដាក់លក់នូវរថយន្ត Xpeng X9 ដែលជារថយន្តប្រភេទ MPV ចង្កូតស្តាំនេះ នៅលើទីផ្សារមួយចំនួនហើយ ក្នុងនោះមានទីក្រុងហុកុងជាដើម ប៉ុន្តែមិនមានម៉ូដែល RHD version នោះទេ។ ក្រៅតែពីការប្តូរមកចង្កូតស្តាំ រថយន្តនេះ ក៏នឹងមានការកែប្រែទៅលើមុខងារមួយចំនួនផងដែរសម្រាប់ម៉ូដែល RHD version របស់ X9 ថ្មីនេះ។
សេចក្តីរាយការណ៌ខាងលើនេះបន្តថា រថយន្ត Xpeng X9 ថ្មីនេះ បង្ហាញវត្តមានជាផ្លូវការនៅចុងខែនេះហើយ។ Xpeng ត្រូវបានគេមើលឃើញថា បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារសឹង្ហបុរីកាលពីខែកក្កដាឆ្នាំ 2024 កន្លងទៅ ដោយមានការប្រកាសចេញនូវម៉ូដែលដំបូង G6។ សម្រាប់ការដាក់លក់រថយន្ត RHD version X9 នេះ នឹងធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៌ Singapore Motorshow 2025 បិទបញ្ចប់នៅថ្ងៃទី 12 ខែមករាខាងមុខ។ រថយន្តនេះ នឹងចាប់បង្ហាញខ្លួននៅ Xpeng Showroom ស្ថិតតាមផ្លូវ281 Alexandra Road ដែលនេះ គឺហាងធំទី 4 នៅតំបន់អាស៊ីភាគអាគ្នេយ៌។

សូមជំរាបថា Xpeng X9 គឺជារថយន្តប្រភេទ MPV ឬ Multi-purpose vehicle ស្ថិតក្នុងត្រកូល minivan របស់ Xpeng ដែលថ្មីៗនេះ ទើបទទួលបានពិន្ទុកខ្ពស់រហូតដល់ផ្កាយ 5 ពីការធ្វើតេស្តលើប្រព័ន្ធសុវត្ថិភាព និងការបុកប៉ះកម្រិតធ្ងន់ដោយស្ថាប័ន C-NCAP ផងដែរ។ រថយន្ត MPV មួយនេះទទួលបានពិន្ទុសរុប 86.6% ដែលពិន្ទុនេះ គឺស្ថិតក្នុងជួរពិន្ទុដែលរថយន្តម៉ូដែល JAC Yiwei 3 (DI:E30X) ដែលជារថយន្តប្រភេទ Small Hatchback ដែរ។

Xpeng X9 គឺជារថយន្តអគ្គិសនី minivan ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីដើមឆ្នាំ 2024។ រថយន្តមួយនេះមានប្រវែងបណ្តោយ 5,293mm/ ទទឹង 1,988mm/ កម្ពស់ 1,785mm និងគម្លាតចន្លោះកង់មុខក្រោយប្រវែង 3,160 mm។ Xpeng X9 មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើប៉ុងមុខមួយ ឬ Front-wheel-drive (FWD) និងប្រើប៉ុងពីរ ឬ Four-wheel-drive (4WD)។ សម្រាប់ម៉ូដែល FWD បានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយដែលមានកំលាំង 235kW ឬ 320 សេះ រីម៉ូដែលប្រើម៉ូទ័រពីរ (4WD)អាចផលិតកំលាំងបាន 370kW ឬ 503 សេះ។

សម្រាប់កញ្ចប់ថ្មវិញម៉ូដែល Xpeng X9-FWD បានបំពាក់កញ្ចប់អាគុយ LFP Blade ទំហំ 84.5kWh ខណៈម៉ូដែល X9-4WD បំពាក់កញ្ចប់អាគុយប្រភេទ ternary NMC ទំហំ 101.5kWh។ បើតាមការធ្វើតេស្តស្តង់ដារពីស្ថាប័ន CLTC បញ្ជាក់ថា រថយន្ត Electric MPV របស់ Xpeng នេះ គឺអាចបើកបានចម្ងាយ 640km និង 702km នៅពេលសាកថាមពលថ្មមួយពេញម្តង។

រថយន្ត Minivan មួយនេះមានសមត្ថភាពអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km ប្រើពេលខ្ទង់ 5.7 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (Top Speed) ដល់ 200km/h។ នៅខាងក្នុងរបស់ Xpeng X9 មានបំពាក់កៅអីស្បែក អេក្រង់បង្ហាញព័ត៌មាន digital LCD Instrument ទំហំ 10.2-inch, អេក្រង់កម្សាន្តទំហំធំដល់ 17.3-inch ដែលគាំទ្រដំណើរការទូទៅដោយបន្ទះឈីប NVIDIA DRIVE Orin X។ ហើយសម្រាប់ប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរវិញរថយន្ត Minivan នេះ មានដំឡើងមកជាមួយប្រព័ន្ធ ADAS ដែលមានជម្រើស XPILOT និង XNGP ជាដើម៕
