ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Xiaomi SU7 Ultra ទំនងជានឹងមានជម្រើសម៉ូដែលមានកៅអីពីរ

ដោយ

Koun Jab Luffy

25 កុម្ភៈ 2025 08:35 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Xiaomi ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញកំពូលរថយន្តអគ្គិសនីម៉ូដែលថ្មី គឺ SU7 Ultra នៅចុងខែកុម្ភៈនេះ ជាមួយគ្នានឹងកំពូលស្មាតហ្វូន Xiaomi 15 Ultra។ ផលិតផលសម្រេចរបស់ Xiaomi SU7 Ultra ត្រូវបានចាប់ផ្តើមជាផ្លូវការណ៍កាលពីខែតុលា ឆ្នាំ 2024  ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមបើកទទួលការបញ្ជាទិញមុនផងដែរ។
នៅមុនការប្រកាសចេញផ្លូវការណ៍ និងការនាំចេញផ្លូវការណ៍សម្រាប់រថយន្ត SU7 Ultra ក្រុមហ៊ុន Xiaomi ក៏បានធ្វើការដាក់ឯកសារស្នើសុំវិញ្ញាណបនបត្រសម្រាប់ម៉ូដែលថ្មីមួយទៀតរបស់ SU7 Ultra ទៅកាន់នាយកដ្ឋានផ្នែកលក់ក្នុងប្រទេសចិន ដោយម៉ូដែលថ្មីនេះ ជាម៉ូដែលកៅអីពីរ ឬ Two-seat version។ ទៅជាយ៉ាងណាមិនទាន់មានការបង្ហាញពីរចនាសម្ព័ន្ធផ្នែកខាងក្នុងសម្រាប់ម៉ូដែលថ្មី Two-seat version នៅឡើយទេ។
សម្រាប់ម៉ូដែលស្តង់ដាររបស់ Xiaomi SU7 Ultra គឺមានកៅអីចំនួន 5 ដូចគ្នានឹងម៉ូដែល SU7 ទូទៅដែរ គ្រាន់តែ SU7 Ultra ត្រូវបានក្រុមហ៊ុនធ្វើការផ្លាស់ប្តូររចនាបថខាងក្រៅមានលក្ខណៈជារថយន្តស្ព័រ និងមានអនុភាពកំលាំងខ្លាំងជាងម៉ូដែល SU7 ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្នតែប៉ុណ្ណោះ។
Xiaomi SU7 Ultra ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ជាប្រភេទ V8s និង V6 motor ដែលផលិតដោយ Xiaomi ផ្ទាល់ ដែលផ្តល់នូវអនុភាពកំលាំងខ្លាំងសរុបដល់ 1,526 សេះ អាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 1.98 វិនាទី និងអាចជាន់ល្បឿនលឿនបំផុត (Top Speed) បានដល់ 350km/h។
SU7 Ultra បំពាក់នូវកញ្ចប់ថ្មទំហំ 93.7kWh ប្រភេទថ្ម Qilin 2.0 ដែលផលិតដោយក្រុមហ៊ុន CATL ដែលត្រូវបានរចនាភ្ជាប់ជាមួយតួររថយន្ត cell-to-body (CTB) និងភ្ជាប់ជាមួយប្រព័ន្ធសារធាតុត្រជាក់ dual-surface cooling system ព្រមទាំងគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងកម្រិតខ្ពស 5.2C Fast Charging ដែលសាកភ្លើងចូលពី 10% ទៅ 80% ចាយពេលខ្ទង់ប្រហែល 11 នាទីប៉ុណ្ណោះ។
Xiaomi SU7 Ultra ត្រូវបានក្រុមហ៊ុនបើកទទួលការកក់ទុកមុននៅទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ 814,900 យាន់ ឬប្រហែលជាង 11 ម៉ឺនដុល្លារអាមេរិក។ យោងទៅលើរបាយការណ៍ពីស្ថាប័ន Goldman Sachs បាននិយាយថា Xiaomi អាចនឹងមានលទ្ធភាពក្នុងការនាំចេញ SU7 Ultra បានយ៉ាងហោចណាស់ក៏ 4,000 គ្រឿងដែលនៅក្នុងឆ្នាំ 2025 ដែលតួរលេខនេះ គឺមិនតិចតួចពេកនោះទេសម្រាប់រថយន្តប្រភេទ Hypercar។
Article image
ទោះជាយ៉ាងណា បើតាមប្រភពមិនទាន់ផ្លូវការណ៍មួយបានបង្ហើបថា Xiaomi SU7 Ultra ទទួលបានការកក់មុនចំនួនប្រមាណ 3,680 គ្រឿងរួចហើយ ត្រឹមរយះពេល 10 នាទីដំបូងបន្ទាប់ពីការបង្ហាញវត្តមានផលិតផលសម្រេចផ្លូវការណ៍៕
រថយន្តអគ្គិសនី Xiaomi SU7 Ultra ទំនងជានឹងមានជម្រើសម៉ូដែលមានកៅអីពីរ