ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Xiaomi SU7 ទទួលបាននូវការបញ្ជាទិញទុកមុន មានការកើនឡើងដល់ជាង 10 ម៉ឺនគ្រឿងហើយ

ដោយ

Koun Jab Luffy

04 មេសា 2024 11:18 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រោយពីប្រកាសចេញលក់លើកដំបូងកាលពីចុងខែមីនាកន្លងទៅថ្មីៗនេះ ឃើញថា សន្ទុះរបស់អតិថិជនក្នុងការគាំទ្ររថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Xiaomi ហាក់មានចំនួនដ៏ច្រើនលើសលប់។ ដែលយោងទៅលើរបាយការណ៍ថ្មីៗនេះបានបញ្ជាក់ថា មកទល់នឹងពេលនេះរថយន្តអគ្គិសនីដំបូងរបស់ Xiaomi ម៉ូដែល SU7 ដែលជារថយន្តប្រភេទ Sedan ទទួលបានការចុះឈ្មោះសម្រាប់ការបញ្ជាក់ទិញមុនរហូតដល់ទៅជាង 10 ម៉ឺនគ្រឿងឯណោះ ដោយក្នុងនោះមានអតិថិជនប្រមាណ 4 ម៉ឺនគ្រឿងបានធ្វើការកក់ប្រាក់រួចរាល់ហើយដែរ។
រថយន្តអគ្គិសនីដំបូងម៉ាក SU7 របស់ Xiaomi មានជម្រើសបីស៊េរី ក្នុងនោះមានម៉ូដែលស្តង់ដារ SU7, SU7 Pro ហើយនិង SU7 Max។ រថយន្តអគ្គិសនី Sedan ថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ជាង $30,000 សម្រាប់ម៉ូដែលស្តង់ដារ SU7 និងជាង $40,000 សម្រាប់ម៉ូដែល SU7 Pro។
Article image
ជាមួយគ្នានេះ Xiaomi ក៏បានបញ្ជេញលក់ម៉ូដែលពិសេសមានចំនួនកំនត់ផងដែរ ដែលមានឈ្មោះថា Xiaomi ក៏បានធ្វើការផលិតម៉ូដែលពិសេសដែលមានឈ្មោះថា SU7 Founders Edition ក្នុងចំនួនកំនត់ គឺមានត្រឹម 5,000 គ្រឿងប៉ុណ្ណោះ ហើយម៉ូដែលនេះ នឹងត្រូវនាំចេញទៅកាន់ដៃអតិថិជននៅចុងខែមេសា ឬដើមឧសភា ឆ្នាំនេះ។ Xiaomi SU7 គឺជារថយន្តអគ្គិសនី Sedan ដំបូងរបស់ Xiaomi ដែលមានការរចនាឡើងប្រកបដោយភាពស្រស់ស្អាតប្រណិត និងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ Xiaomi ផ្ទាល់តែម្តង។
Article image
ហើយដោយមានសន្ទុះក្នុងការគាំទ្រខ្លាំងក្លាពីអតិថិជនមកលើរថយន្តអគ្គិសនីដំបូងរបស់ខ្លួនដូចនេះ Xiaomi ត្រូវបានគេរាយការណ៍ថា បានធ្វើការជូនដំណឹងទៅកាន់ដៃគូផ្គត់ផ្គង់សង្វាក់ផលិតរថយន្តរថយន្តខ្លួន ឲ្យបង្កើនសង្វាក់ផលិតគ្រឿងបង្គុំសំខាន់ៗដើម្បីផ្គត់ផ្គង់តម្រូវការរបស់ខ្លួន ដោយសារក្រុមហ៊ុនមានគម្រោងក្នុងការបង្កើនបរិមាណផលិតកម្មរបស់ SU7 ឲ្យឈាន់ដល់ 1 ម៉ឺនគ្រឿងក្នុងមួយខែ។ បើតាមគម្រោង Xiaomi នឹងធ្វើការផលិតរថយន្តចំនួន 30 ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅក្នុងរោងចក្រផលិតរបស់ខ្លួនផ្ទាល់ស្ថិតនៅទីក្រុងប៉េកាំងប្រទេសចិន ហើយការផលិត គឺត្រូវធ្វើឡើងជាពីរដំណាក់កាលដោយក្នុងមួយដំណាក់កាល គឺមានចំនួន 15 ម៉ឺនគ្រឿង៕
រថយន្តអគ្គិសនី Xiaomi SU7 ទទួលបាននូវការបញ្ជាទិញទុកមុន មានការកើនឡើងដល់ជាង 10 ម៉ឺនគ្រឿងហើយ