
ក្រុមហ៊ុន Mazda បានប្រកាសថា រថយន្តអគ្គិសនី Sedan ស៊េរីថ្មីម៉ូដែល 6e ដែលសហការផលិតដោយ Changan-Mazda ដែលត្រូវបានគេស្គាល់ថា Mazda EZ-6 នៅក្នុងប្រទេសចិន នឹងត្រូវនាំចេញទៅប្រកាចេញលក់នៅទីផ្សារប្រទេសថៃក្នុងឆ្នាំ 2025។ រថយន្តអគ្គិសនីស៊េរីថ្មីរបស់ក្រុមហ៊ុនជប៉ុនមួយនេះត្រូវបានបង្ហាញវត្តមានលើកដំបូលក្នុងព្រឹត្តិការណ៍ Brussels Motor Show ប្រទេសបែលហ្សិក កាលពីថ្ងៃទី 10 ខែមុខនេះ (ខែមករា) ហើយរថយន្តនេះក៏ត្រៀមចេញលក់នៅទីផ្សារអឺរ៉ុបនៅចុងឆ្នាំ 2025 នេះផងដែរ។
ក្រុមហ៊ុន Mazda បានធ្វើប្រតិបត្តិការណ៍នៅទីផ្សាររថយន្តប្រទេសថៃតាំងពីឆ្នាំ 1955 ហើយក្រុមហ៊ុនបានត្រៀមពង្រីកទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសមួយនេះជាមួយនឹងការមកដល់នៃរថយន្ត Mazda 6e។ Mazda EZ-6 ឬ 6e ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 26 ខែតុលា ឆ្នាំ 2024 និងលក់បានចំនួន 2,445 គ្រឿងក្នុងខែបន្ទាប់ (វិច្ឆិកា) ដែលធ្វើឲ្យរថយន្តនេះឈរនៅលំដាប់លេខរៀងទីបីជា Top three mid-size new energy sedans ដែលលក់ដាច់បំផុតក្នុងប្រទេសចិន។ ក្រោយមកក្នុងខែធ្នូ ឆ្នាំ 2024, Mazda EZ-6 លក់បានចំនួន 1,017 គ្រឿង និងក្នុងខែមករា ឆ្នាំ 2025 លក់បានចំនួន 498 គ្រឿង។

Mazda EZ-6 ត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹង EPA hybrid platform របស់ Changan និងមានជម្រើសចំនួន 6 ម៉ូដែលផ្សេងគ្នា ដោយមានតម្លៃចាប់ពីខ្ទង់ $19,300 ដល់ $24,800។ EZ-6 មានជម្រើសម៉ូដែលប្រើកញ្ចប់ថ្មអគ្គិសនីសុទ្ធ (BEV) និងជម្រើល EREV។

ដោយម៉ូដែល BEV ប្រើនូវម៉ូទ័រអគ្គិសនីមួយកំលាំង 190kW ជាមួយកញ្ចប់ថ្មដែលអាចបើកបានពី 480km ឬ 600km ខណៈម៉ូដែល EREV ប្រើនូវនូវម៉ាស៊ីនសាំង 1.5L Engine ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីមួយកំលាំង 160kW ដែលការសាកភ្លើង និងចាក់សាំងមួយពេញម្តងអាចបើកបរបានចម្ងាយ 1,301km។ នៅខាងក្នុង Mazda 6e ឬ EZ-6 មានបំពាក់នូវអេក្រង់កម្សាន្តថាច់ស្រ្គីនទំហំ 14.6-inch មានមុខងារ AR-HUD ប្រព័ន្ធសំឡេង Sony audio system និងកៅអីប្រភេទ zero-gravity seats។

ក្នុងឆ្នាំ 2025 ទៅឆ្នាំ 2027 ក្រុមហ៊ុន Mazda បានដាក់គោលដៅក្នុងការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីចំនួន 5 ម៉ូដែល ដោយក្នុងនោះរួមមានម៉ូដែល Mazda 6e ឬ EZ-6 និង CX-6e ដែលជាផលិតផលរថយន្តផលិតឡើងក្រោមកិច្ចសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Changan Automotive របស់ប្រទេសចិន។ ហើយក្នុងខែមករា ឆ្នាំ 2025 ក្រុមហ៊ុន Changan-Mazda លក់រថយន្តសរុបបានចំនួនតែ 6,604 គ្រឿង ប៉ុណ្ណោះ ធ្លាក់ចុះ 28.28% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ជាខែទី 9 ផងដែរ នៃការលក់ធ្លាក់ចុះរបស់ក្រុមហ៊ុនសម្ព័ន្ធមិត្តរវាងក្រុមហ៊ុនផលិតរថយន្តជប៉ុន និងក្រុមហ៊ុនផលិតរថយន្តប្រទេសចិនមួយនេះ៕
