ស្វែងរកពួកយើង:

របាយការណ៌ IDC: ការនាំចេញស្មាតហ្វូននៅទីផ្សារប្រទេសចិន មានការធ្លាក់ចុះនៅត្រីមាសទី 3 ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2025 03:42 រសៀល

អាន 2 នាទី

Article image
យោងតាមទិន្នន័យចេញពីស្ថាប័ន International Data Corporation (IDC) បានអោយដឹងថា ការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិន គឺមានចំនួន 68.46 លានគ្រឿង ដែលមានការធ្លាក់ចុះ 0.5% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ។ ស្ថាប័ន IDC បាននិយាយថា ត្រីមានទី 3 នេះ ហាក់ដូចជាមានសន្ទុះទាបសម្រាប់ការលក់ស្មាតហ្វូន ហើយសម្រាប់ឆ្នាំនេះក៏មិនមានអ្វីដែលខុសប្លែកដែរ។ កត្តាដែលធ្លាក់ចុះនេះ គឺដោយសារតែការបង្ហាញនូវផលិតផលថ្មីៗ មានចំនួនតិចជាងមុន ហើយអ្នកទិញជាច្រើនក៏មិនទាន់សម្រេចចិត្តក្នុងការ upgrade ដូចគ្នា។
ប្រភពខាងលើនេះបានរំពឹងងថា ស្ថានភាពថ្មីនេះ អាចនឹងមានការកើនឡើងនៅត្រីមាសក្រោយនេហដែរ ខណៈដែលក្រុមហ៊ុនជាច្រើន បានចាប់ផ្តើមបង្ហាញស្មាតហ្វូនលំដាប់ flagships ថ្មីៗជាច្រើនលឿនជាងការរំពឹងទុក។ គួរបញ្ជាក់ថា ក្រុមហ៊ុន Xiaomi ក៏ទើបតែបង្ហាញស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 series នៅដើមខែកញ្ញានេះផងដែរ។ ហើយសម្រាប់ព្រឹត្តិការណ៍នៃការលក់ 11.11 ខាងមុខនេះ ត្រូវបានគេជឿជាក់ថា អាចនឹងមានការបង្កើនទៅលើការលក់ស្មាតហ្វូននេះផងដែរ។ យ៉ាងណាមិញ អ្នកវិភាគ Arthur Guo នៃស្ថាប័ន IDC បាននិយាយថា ព្រឹត្តិការណ៍នៃការលក់ខាងមុខនេះ ទំនងជាមិនបន្ថែមអោយមានតម្រូវការកើនឡើងទៅលើអ្នកប្រើប្រាស់នោះទេ ស្របពេលដែលសេដ្ឋកិច្ចសិ្ថតនៅក្នុងភាពមិនប្រាកដប្រជានោះ។
សូមជំរាបថា នៅក្នុងចំណោមម៉ាកយីហោក្នុងស្រុក ក្រុមហ៊ុន vivo គឺបានជាប់ចំណាត់ថ្នាក់កំពូលដែលមានការនាំចេញស្មាតហ្វូនចំនួន 11.8 លានគ្រឿងជាមួយនឹងចំណែកទីផ្សារចំនួន 17.2% មានការធ្លាក់ចុះដល់ទៅ 7.8% ប្រៀបធៀបទៅនឹងឆ្នាំមុន។ ក្រុមហ៊ុន Apple មានការនាំចេញស្មាតហ្វូនចំនួន 10.8 លានគ្រឿង ជាមួយនឹងចំណែកទីផ្សារចំនួន 15.8% ដែលមានកំណើន 0.6% ពីឆ្នាំមុននេះ។ ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានការនាំចេញស្មាតហ្វូនចំនួន 10.4 លានគ្រឿង និងចំណែកទីផ្សារចំនួន 15.2% ដែលមានការធ្លាក់ចុះ 1%។
Article image
សម្រាប់ក្រុមហ៊ុន Xiaomi គឺមានការនាំចេញស្មាតហ្វូនចំនួន 10 លានគ្រឿងដែលមានចំណែកទីផ្សារចំនួន 14.7% ដែលមានការធ្លាក់ចុះ 1.7% ធៀបទៅនឹងឆ្នាំមុន។ ចំពោះក្រុមហ៊ុន OPPO វិញ គឺមានការនាំចេញស្មាតហ្វូនចំនួន 9.9 លានគ្រឿងដែលមានចំណែកទីផ្សារចំនួន 14.5% ដែលមានការកើនឡើង 0.4% ធៀបទៅនឹងឆ្នាំមុន។ ក្រុមហ៊ុន Honor មានការនាំចេញស្មាតហ្វូនចំនួន 9.9 លានគ្រឿង ដែលចំណែកទីផ្សារមានត្រឹមតែ 14.4% ដែលមានការធ្លាក់ចុះ 1.5%៕
របាយការណ៌ IDC: ការនាំចេញស្មាតហ្វូននៅទីផ្សារប្រទេសចិន មានការធ្លាក់ចុះនៅត្រីមាសទី 3 ឆ្នាំ 2025 នេះ