
ឆ្នាំទៅមិញ Apple បានបំពាក់នូវប្រព័ន្ធកាមេរ៉ា Periscope telephoto ជាលើកដំបូងនៅលើស្មាតហ្វូនម៉ូដែល iPhone 15 Pro Max ហើយក៏បានពង្រីកមកប្រើនៅលើ iPhone 16 Pro ដែលចេញក្នុងឆ្នាំនេះ។ អ្វីដែលជាការកត់សំគាល់ គឺថា Apple ដែលជាក្រុមហ៊ុនដែលតែងតែប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់យឺតជាងក្រុមហ៊ុនដៃគូប្រគូតប្រជែង។
ហើយនៅពេលនេះ ក៏មានលិចលឺព័ត៌មានមកថា ក្រុមហ៊ុនបិតាបច្ចេកវិទ្យា Cupertino របស់អាមេរិកមួយនេះ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍នូវប្រព័ន្ធបច្ចេកវិទ្យាកាមេរ៉ា Variable Aperture System សម្រាប់ប្រើនៅលើជំនាន់ iPhone 18 Series ដែលចេញនៅឆ្នាំ 2026។
សម្រាប់បច្ចេកវិទ្យាកាមេរ៉ានេះ ត្រូវបានក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងបានប្រើតាំងពីឆ្នាំ 2018 មកម៉្លេះ នៅលើបងប្អូនស្មាតហ្វូន Galaxy S9 និង S9 Plus។ ហើយក្រោយៗមកទៀតក៏មានកំពូលស្មាតហ្វូនមួយចំនួន ក៏បានប្រើនូវបច្ចេកវិទ្យាសែនស័រកាមេរ៉ា Variable Aperture System នេះផងដែរ ក្នុងនោះមានដូចជា Xiaomi 14 Pro និង 14 Ultra។

បើតាមប្រភពបានឲ្យដឹងថា សម្រាប់បច្ចេកវិទ្យាកាមេរ៉ា Variable Aperture System ដែល Apple កំពុងធ្វើការអភិវឌ្ឍន៍ គឺនឹងមានប្រើដំបូងតែនៅលើម៉ូដែល iPhone 18 Pro Series ដែលចេញនៅឆ្នាំ 2026 តែប៉ុណ្ណោះ។ បើតាមលោក Ming Chi-Kuo ធ្លាប់បានលើកឡើងថា មុខងារ Variable Aperture System នឹងមានប្រើនៅលើ iPhone 18 System ដែលចេញនៅឆ្នាំ 2026។ សម្រាប់មុខងារ Variable Aperture System នេះ គឺអនុញ្ញាតិឲ្យលែនកាមេរ៉ាអាចបើកកម្រិត Aperture ដើម្បីអនុញ្ញាតិស្រូបកម្រិតពន្លឺបានច្រើននៅពេលស្ថិតនៅក្នុងប្លង់ថតដែលមានកម្រិតពន្លឺទាប។
ដូចនេះតាមរយះបច្ចេកវិទ្យាថ្មីនេះ នឹងជួយឲ្យ iPhone 18 Pro Series មានសមត្ថភាពផ្តិតយករូបភាពបានកាន់ប្រសើរនៅទីតាំងខ្សោយពន្លឺ។

ទោះជាយ៉ាងណាវាមានរយះពេលជិត 2 ឆ្នាំទៀតសម្រាប់ការបង្ហាញវត្តមាន iPhone 18 Series ខណៈពេលដែរ iPhone 17 Series ដែលចេញនៅចុងឆ្នាំ 2025 ត្រូវបានគេដឹងថា នឹងប្រើប្រាស់បន្ទះឈីបដែលមានសមត្ថភាពខ្ពស់ ជាមួយរ៉េមកាន់តែធំជាងជំនាន់ 16 បច្ចុប្បន្ន ដើម្បឲ្យស្របទៅនឹងដំណើរការមុខងារ AI កាន់តែមានភាពរលូន។ ជាមួយគ្នានេះ នៅលើ iPhone 17 Series ក៏នឹងមានការពង្រឹងសមត្ថភាពទៅលើសែនស័រ Telephoto 48MP ធ្វើការបានកាន់តែខ្ពស់ជាមួយកម្រិតនៃការពង្រីកប្លង់ថតបានកាន់តែឆ្ងាយ និងរក្សាគុណភាពរូបភាពនៅតែច្បាស់ល្អផងដែរ៕
