Galaxy S25 Edge ដែលជាស្មាតហ្វូនមានកម្រ៉ាស់ស្តើងបំផុតរបស់ក្រុមហ៊ុន Samsung ដែលទើបតែនឹងមានវត្តមានថ្មីៗនេះ គឺត្រូវបានគេមើលឃើញថា ក្រុមហ៊ុនបច្ចេកកូរ៉េខាងត្បូងមួយបានបំពាក់នូវថាមពលថ្មត្រឹមតែ 3,900mAh ទោះបីជាស្មាតហ្វូននេះមានកម្រ៉ាស់ស្តើងក៏ដោយ។ ស្តាប់មើលទៅទំហំថ្មនេះប្រហែលជាមិនទាន់ធំគ្រប់គ្រាន់នោះទេ ព្រោះសម្រាប់ឆ្នាំ 2025 នេះ ស្មាតហ្វូនថ្នាក់កណ្តាលភាគច្រើន គឺមានបំពាក់ថាមពលថ្មដែលមានទំហំចាប់ពី 6,000mAh ឡើងទៅ។ យោងតាមការបែកធ្លាយចុងក្រោយនៅថ្ងៃនេះ មានការបញ្ចេញនូវទំហំថាមពលថ្មរបស់ស្មាតហ្វូន iPhone 17 Air ដែលប្រហែលជាធ្វើអោយអ្នកមានការខកចិត្តផងដែរ។
បើតាមរបាយការណ៍ដែលចេញពី Naver បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី iPhone 17 Air នឹងមានកម្រាស់ត្រឹមតែ 5.5mm ប៉ុណ្ណោះ ហើយស្មាតហ្វូនថ្មីនេះ គឺនឹងមានរូបរាងស្លីមមែនទែន ដែលស្របជាមួយនឹងឈ្មោះក្រុមហ៊ុននេះហៅថា Air នោះ។ ប៉ុន្តែស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មត្រឹមតែ 2,800mAh ប៉ុណ្ណោះ នេះបើតាមការទម្លាយចេញពីប្រភពខាងលើនេះ។ នៅក្នុងឆ្នាំ 2025 នេះ ប្រសិនបើស្មាតហ្វូនទំហំថ្មបែបនេះ គឺពិតជាតូចខ្លាំងណាស់។
បើមើលទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip ដែលបង្ហាញខ្លួនជាង 5 ឆ្នាំមកហើយនោះ ក៏មានថាមពលថ្មដល់ទៅ 3,300mAh ផងដែរ ហើយថែមទាំងជាស្មាតហ្វូនបត់បានថែមទៀតផង។ មួយវិញជាមួយនិងវត្តមានស្មាតហ្វូនស្តើងរបស់ខ្លួនម៉ូដែល Galaxy S25 Edge ក្រុមហ៊ុន Samsung ក៏បំពាក់នូវថ្មធំដល់ទៅ 3,900mAh ផង។
បើតាមការបែកធ្លាយខាងលើនេះ បានបញ្ជាក់ទៀតថា ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា High-Density Battery Technology ដែលអាចធ្វើការបង្កើនទំហំថ្មពី 15% ទៅ 20% ផងដែរ។ ស្មាតហ្វូន iPhone 17 Air នេះ នឹងមានទម្ងន់ត្រឹមតែ 145g ប៉ុណ្ណោះ ដែលធ្វើអោយស្មាតហ្វូននេះស្រាលបំផុតសម្រាប់កាន់ប្រើប្រាស់។ ស្មាតហ្វូន iPhone 17 Air នេះនឹងមានអេក្រង់ទំហំ 6.6-អ៊ីង គាំទ្រជាមួយនឹង Dynamic Island និងប៊ូតុង Camera Control ផងដែរ។

ក្រុមហ៊ុន Apple អាចនឹងប្រើប្រាស់នូវកម្រិតអេក្រង់ដល់ទៅ 120Hz refresh rate នៅលើគ្រប់ស្មាតហ្វូន iPhone 17 Series របស់ខ្លួន។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីប A19 , WiFi 7 និងកញ្ចក់រឹងមាំជាងមុនថែមទៀតផង។ ហើយសម្រាប់តម្លៃវិញរបស់ស្មាតហ្វូន Apple Air នេះ អាចនឹងទាបជាងស្មាតហ្វូន iPhone 17 Pro ដែលមានតម្លៃចាប់ពី $999។ ស្មាតហ្វូន iPhone 17 Series នេះ អាចនឹងមានម៉ូដែល Air, 17 Pro និង 17 Pro Max ដែលនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ឬខែតុលាឆ្នាំ 2025 នេះ៕
