ស្វែងរកពួកយើង:

របាយការណ៍ថ្មីនិយាយថា Huawei កំពុងធ្វើការតេស្តអេក្រង់ពីរទំហំសម្រាប់ស្មាតហ្វូនជំនាន់ថ្មី P70 Series

ដោយ

Koun Jab Luffy

29 មករា 2024 02:39 រសៀល

អាន 2 នាទី

Article image
កំពូលស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series នឹងបង្ហាញវត្តមាននាពេលឆាប់ៗខាងមុខនេះ ហើយមួយរយះមកនេះប្រភពព័ត៌មានចចាមអារាមជាច្រើនបានធ្វើការចេញផ្សាយពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ។ ដូចជាពេលនេះអីចឹង បើតាមបណ្តាញគណនីទម្លាយព័ត៌មានល្បីឈ្មោះរបស់ប្រទេសចិន Digital Chat Station បានធ្វើការទម្លាយព័ត៌មានថ្មីបន្ថែមទៀតអំពី Huawei P70 Series។
បើតាមការទម្លាយចេញដោយគណនី DCS បានឲ្យដឹងថា នៅខណៈពេលនេះ Huawei បាននឹងកំពុងធ្វើការតេស្តបច្ចេកវិទ្យាអេក្រង់ពីរទំហំសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មី P70 Series ដោយក្នុងនោះមានទំហំ 6.5-inch និង 6.8-inch។ ដោយបន្ទះអេក្រង់ទាំងពីរទំហំនោះត្រូវបានប្រភពបញ្ជាក់ថា គឺមានរចនាបថបែបកោង 2.5D Curved Display ជាមួយកម្រិតបង្ហាញ 1.5K និងគាំទ្របច្ចេកវិទ្យាបង្ហាញ LTPO refresh rate technology ព្រមទាំងមានគែមអេក្រង់តូចស្តើងថែមទៀតផង។ បើតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលកន្លងមក បាននិយាយថា Huawei P70 Series ក៏នឹងទទួលបានការបង្កើនសមត្ថភាពប្រព័ន្ធកាមេរ៉ាថតរូបកាន់តែខ្លាំងជាងជំនាន់មុន។ ដោយស្មាតហ្វូនកំពូលជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ប្រព័ន្ធសែនស័រកាមេរ៉ា Omnivision OV50H និងគាំទ្រប្រព័ន្ធ Variable physical Aperture។
OmniVision OV50H គឺជាសែនស័រសម្រាប់កាមេរ៉ាស្មាតហ្វូនកំពូលដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីខែមករា ឆ្នាំ 2023 ដែលមានទំហំ 50MP។ សែនស័រនេះមានទំហំ 1/1.3-inch និងមានសមត្ថភាពអាចផលិតសាច់រូបភាពបានក្នុងទំហំ 1.2 Micro pixel ព្រមទាំងមានសមត្ថភាពខ្ពស់អាចធ្វើការផលិតរូបភាពបានច្បាស់ល្អនៅទីតាំងខ្សោយពន្លឺ, គាំទ្រមុខងារ HDR Mode, high refresh rate, អាចផលិតសាច់វីដេអូបានដល់ 8K និង 4K ជាមួយមុខងារទប់លំនឹង EIS ទៀតផង។ Huawei P70 Series នឹងដំឡើងមកជាមួយប្រព័ន្ធលែនកាមេរ៉ាក្រោយចំនួន 3 គ្រាប់ បង្កប់នៅលើកញ្ចប់លែនកាមេរ៉ាដែលមានការឌីស្សាញបែបចតុកោងបញ្ឈរ ហើយក៏នឹងគាំទ្រប្រព័ន្ធ XMAGE របស់ Huawei ផងដែរ។
Article image
កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំឡើងមកជាមួយបន្ទះឈីបជំនាន់ថ្មី Huawei Kirin 9000S, មានថ្មទំហំ 5,000mAh និងប្រព័ន្ធ Speaker ចំនួនពីរគ្រាប់ដែលភ្ជាប់ដោយមុខងារ receiver។ បើតាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា Huawei P70 Series នឹងមកដល់ផ្លូវការណ៍នៅចុងខែមិនា ឬដើមខែមេសា ឆ្នាំ 2024 ខាងមុខនេះ៕
របាយការណ៍ថ្មីនិយាយថា Huawei កំពុងធ្វើការតេស្តអេក្រង់ពីរទំហំសម្រាប់ស្មាតហ្វូនជំនាន់ថ្មី P70 Series