ស្វែងរកពួកយើង:

របាយការណ៍ថ្មីនិយាយថា Samsung បានធ្វើការបញ្ជាទិញបន្ទះអក្រង់ចំនួន 5 លានបន្ទះពី LG Display សម្រាប់ការផលិតស្មាតធីវីជំនាន់ថ្មីរបស់ខ្លួន

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 11:54 ថ្ងៃត្រង់

អាន 3 នាទី

Article image
បើតាមប្រភពព័ត៌មានចចាមអារាមបានឲ្យដឹងថា ក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការបញ្ជាទិញបច្ចេកវិទ្យាអេក្រង់ OLED Panels សម្រាប់ប្រើនៅលើទូរទស្សន៍របស់ខ្លួនពីក្រុមហ៊ុន LG Display។ ដោយសារតែក្រុមហ៊ុន Samsung Display បច្ចុប្បន្នបានផ្តោតតែទៅលើការអភិវឌ្ឍន៍ផលិតបច្ចេកវិទ្យាអេក្រង់ OLED Display សម្រាប់ឧបករណ៍ចល័ត (Smartphone/Tablet) ដូច្នេះជាហេតុតម្រូវឲ្យ Samsung Electronics ស្វែងរកការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងបន្ថែមទៀតដើម្បីផលិតបន្ទះអេក្រង់ OLED សម្រាប់ស្មាតធីវីស៊េរីថ្មីរបស់ខ្លួន។
សម្រាប់កិច្ចព្រមព្រៀងភាពជាដៃគូរវាង Samsung Electronics និង LG Display ត្រូវបានប្រកាសជាផ្លូវការកាលពីឆ្នាំមុន។ ក្រុមហ៊ុន Samsung នឹងកំពុងស្វែងរកការប្រើប្រាស់បច្ចេកវិទ្យាបន្ទះអេក្រង់ OLED WRGB របស់ LG Display សម្រាប់ស្មាតធីវីជំនាន់ថ្មីរបស់ខ្លួនផងដែរ។ ហើយថ្មីៗនេះ ក៏មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូងទាំងពីរបានបន្តកិច្ចព្រមព្រៀងនេះជាថ្មីផងដែរ។ របាយការណ៍ថ្មីផ្សេងទៀតបានអះអាងថា Samsung Electronics នឹងទិញបន្ទះអេក្រង់ OLED ចំនួន 5 លានបន្ទះពី LG Display។
ហើយ LG Display ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផ្គត់ផ្គង់ Samsung Electronics ជាមួយនឹងបន្ទះអេក្រង់ white-OLED ចំនួន 5 លានបន្ទះក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ LG Display ត្រូវបានគេរំពឹងថា នឹងផ្តល់ឱ្យ Samsung នៅបន្ទះអេក្រង់ចំនួន 800,000 បន្ទះនៅក្នុងឆ្នាំ 2024 ដែលនេះ គឺជាការកើនឡើងរហូតដល់ទៅ 8 ដង បើធៀបនឹងការផ្គត់ផ្គង់ដែលបានប៉ាន់ប្រមាណថាមានចំនួន 200,000 បន្ទះកាលពីឆ្នាំមុន។
ដែលនេះ គឺជាការបង្ហាញថា ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរកំពុងឆ្ពោះទៅរកទិសដៅសម្រាប់ភាពជាដៃគូរយះពេលយូរអង្វែង។ ក្នុងពេលបច្ចុប្បន្ននេះ Samsung មានបានបញ្ចេញស្មាតធីវីបំពាក់អេក្រង់ OLED Panel ដែលបានទំហំ 55 អ៊ីញ, 64 អ៊ីញ, 77 អ៊ីញ និង 83 អ៊ីញ សម្រាប់ត្រកូល OLED-TVs របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូងនេះ ក៏អាចនឹងបញ្ចេញស្មាតធីវីដែលមានទំហំ 42 អ៊ីង និង 48 អ៊ីញ បន្ថែមទៀតផងដែរជាមួយការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ OLED Panel ដែលផ្តល់ឲ្យដោយ LG Display។ Samsung ក៏អាចនឹងបង្កើនការទិញបន្ទះ LCD Panel ពី LG ផងដែរ ដោយត្រូវបានគេប៉ាន់ស្មានថា អាចនឹងមានចំនួនកើនឡើងពី 3 លានបន្ទះកាលពីឆ្នាំមុន ទៅដល់ជិត 6 លានបន្ទះក្នុងឆ្នាំ 2024 នេះ។
LG Display ស្ថិតក្នុងទីតាំងពិសេសមួយក្នុងការទាញយកទុនលើតម្រូវការកើនឡើងរបស់ Samsung សម្រាប់បន្ទះអេក្រង់ OLED និង LCD។ ក្រុមហ៊ុនបច្ចេកវិទ្យាផលិតបន្ទះអេក្រង់ខ្នាតយក្សរបស់កូរ៉េនេះ បច្ចុប្បន្ន គឺមានចំណែក 80% នៃទីផ្សារបន្ទះអេក្រង់ស្មាតធីវី (OLED-TV) នៅទូទាំងពិភពលោក ហើយក៏ជាក្រុមហ៊ុនតែមួយគត់ក្នុងលោកដែលផលិតបន្ទះអេក្រង់ OLED សម្រាប់ស្មាតធីវីដែលមានទំហំធំជាង 80 អ៊ីញផងដែរ៕