ស្វែងរកពួកយើង:

របាយការណ៍ថ្មីនិយាយថា ក្រុមហ៊ុន Google កំពុងធ្វើការលើម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីឈ្មោះថា “Pixel Laptop”

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2024 11:24 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្លាកឈ្មោះផលិតផល Pixel ត្រូវបានប្រើដំបូងដោយក្រុមហ៊ុន Google Inc ហើយសម្រាប់ម៉ាស៊ីន Chromebook Pixel ត្រូវបានប្រកាសចេញនៅក្នុងឆ្នាំ 2013 ហើយនៅឆ្នាំ 2017 ក្រុមហ៊ុន Google ក៏បានបញ្ឈប់ការផលិតស្រឡាយម៉ាស៊ីន Chromebook តទៅទៀត។ ក្រោយមកស្លាកឈ្មោះផលិតម៉ាក Pixel ត្រូវបានក្រុមហ៊ុនបន្តប្រើនៅលើផលិតផលស្មាតហ្វូន Google Pixel មកទល់នឹងពេលបច្ចុប្បន្ននេះ។
ដោយឡែកក្នុងពេលនេះបើតាមប្រភពព័ត៌មានបែកធ្លាយបាននិយាយថា Google នឹងមានការប្រកាសចេញម៉ាស៊ីនកុំព្យូទ័រ Laptop ស៊េរីថ្មីនាពេលឆាប់ៗខាងមុខនេះ។ ហើយផលិតផល Laptop ជំនាន់ថ្មីនេះ ត្រូវបានគេដឹងថាមានឈ្មោះ Google Pixel Laptop ដែលមានលេខកូដម៉ូដែលថា Snowy។
បើតាមការបង្ហើបពីបុគ្គលិករបស់ Google បានឲ្យដឹងថា Pixel Laptop នឹងក្លាយជាដៃគូប្រកូតប្រជែងទីផ្សារជាមួយនឹង Apple MacBook Pros, Dell XPS, Microsoft Surface Laptop និង Samsung Galaxy Chromebook ដែលសុទ្ធតែជាម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់ ជាមួយការផលិតមានគុណភាពខ្ពស់ មានកម្រាស់ស្តើង ទំងន់ស្រាល នៅក្នុងទីផ្សារ Premium Laptop បច្ចុប្បន្ន។
Article image
ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ទេថា តើម៉ាស៊ីនកុំព្យូទ័រយួរដៃ Google Pixel Laptop ជំនាន់ថ្មីនេះ ដំណើរការដោយប្រតិបត្តិការ Google Chrome OS ឬក៏ Microsoft Windows នោះទេ។ ហើយសម្រាប់គុណលក្ខណៈសម្បត្តិផ្សេងៗទៀតរបស់ Pixel Laptop ជំនាន់ថ្មី ក៏មិនទាន់ត្រូវបានទម្លាយចេញទូលំទូលាយនៅឡើយទេក្នុងវេលានេះ ដូច្នេះ មានតែរងចាំតាមដានទាំងអស់គ្នាជាបន្តទៀត តែប៉ុណ្ណោះ៕
របាយការណ៍ថ្មីនិយាយថា ក្រុមហ៊ុន Google កំពុងធ្វើការលើម៉ាស៊ីនកុំព្យូទ័រយួរដៃជំនាន់ថ្មីឈ្មោះថា “Pixel Laptop”