ស្វែងរកពួកយើង:

របាយការណ៍ថ្មីបញ្ជាក់ថា Samsung កំពុងតែធ្វើការនៅលើស្មាតហ្វូនបត់បានតម្លៃសមរម្យ

ដោយ

Koun Jab Luffy

16 មីនា 2024 10:56 ព្រឹក

អាន 2 នាទី

Article image
មួយរយៈពេលចុងក្រោយនេះ មានការជជែកគ្នាជាច្រើនពីក្រុមហ៊ុន Samsung ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយអាច នឹងបញ្ចេញនូវស្មាតហ្វូនបត់បានទី 3 របស់ខ្លួននៅលើទីផ្សារនាពេលខាងមុខ។ ស្របពេលជាមួយគ្នានេះ កាលពីខែមុននេះ ក៏ការបែកធ្លាយមួយ បាននិយាយដែរថា ស្មាតហ្វូននេះ គឺជាម៉ូដែលមានតម្លៃទាបជាងគេក្នុងចំណោមស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះផងដែរ។ បន្ថែមពីនេះ Samsung ក៏អាចនឹងធ្វើការនៅលើស្មាតហ្វូនម៉ូដែល high-end “Ultra” Galaxy Z Fold 6 ថែមទៀតផង។
ទាក់ទងនឹងព័ត៌មាននេះ មានរបាយការណ៍ថ្មីមួយ ដែលដកស្រង់ចេញពីប្រភពសារព័ត៌មានរបស់កូរ៉េ ETNews បានបញ្ជាក់ថា ក្រុមហ៊ុន Samsung មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន Galaxy Z Fold ដែលមានតម្លៃសមរម្យបន្ថែមទៀតនៅលើទីផ្សារដែលតម្លៃមិនថ្លៃដូចទៅនឹងម៉ូឌែល Ultra នោះទេ។ យោងតាមអ្នកទម្លាយ Tech Reve វិញក៏បានបញ្ជាក់អោយដឹងដែរថា ស្មាតហ្វូនម៉ូដែលតម្លៃសមរម្យនេះ អាចជា Galaxy Z Fold 6 FE។ ដូចអ្វីដែលអ្នកធ្លាប់បានដឹងហើយនោះ “FE” នៅក្នុងផលិតផលរបស់ក្រុមហ៊ុន Samsung គឺសំដៅទៅលើស្មាតហ្វូន “Fan Edition”។ សម្រាប់ស្មាតហ្វូន FE edition គឺតែងតែផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់កម្រិតខ្ពស់ និងតម្លៃទាបជាងមុន។
Article image
ស្មាតហ្វូនអេក្រងបត់បាន Galaxy Z Fold FE នេះ អាចនឹងស្ថិតនៅក្នុងនិន្នាការនេះ ប៉ុន្តែមិនមានទ្រទ្រង់នូវ S-Pen stylus នោះទេ។ ជាមួយគ្នានេះ បើតាមពាក្យចចាមអារ៉ាមជាច្រើនកាលពីខែមុននេះ ក៏បានទម្លាយអំពីស្មាតហ្វូន Ultra Fold 6 នេះដែរថា ស្មាតហ្វូនអាចនឹងទ្រទ្រង់នូវប៊ិច stylus ប៉ុន្តែសម្រាប់ Fold 6 គឺមិនមានទ្រទ្រង់នោះទេ។ របាយការណ៍ជាច្រើនមុននេះបញ្ជាក់ថា ស្មាតហ្វូនបត់បានម៉ូដែលទី 3 នេះ គឺមានលេខកូដ “Q6A”។
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង Galaxy Z Flip 6 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked នៅក្នុងត្រីមាសទី 3 នៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន Samsung ក៏អាចនឹងបង្ហាញនូវស្មាតហ្វូនបត់បានម៉ូឌែលទី 3 នៅក្នុងព្រឹត្តិការណ៍នេះផងដែរ៕