
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xiaomi Auto បានប្រកាសនៅលើគណនី Weibo ផ្លូវការណ៍របស់ខ្លួនថា គិតចាប់ពីថ្ងៃនៃការនាំចេញរថយន្តដំបូងរបស់ខ្លួនកាលពីថ្ងៃទី 3 ខែ មេសា ឆ្នាំ 2024 មក ខ្លួនមានប្រគល់រថយន្តចំនួន 500,000 គ្រឿងទៅកាន់ដៃអតិថិជន។ ដោយនៅក្នុងខែវិច្ឆិកា កន្លងទៅ Xiaomi បានប្រគល់រថយន្តចំនួន 40,000 គ្រឿងទៅកាន់ដៃអតិថិជន ដែលធ្វើឲ្យតួរលេខសរុបក្នុងការនាំចេញប្រចាំឆ្នាំ 2025 បានគ្រប់ចំនួន 350,000 គ្រឿងដែលជាចំនួនគោលដៅដែលក្រុមហ៊ុនបានកំនត់។
សម្រាប់រថយន្តទី 500,000 គ្រឿងដែល Xiaomi បានប្រគល់ទៅកាន់ដៃអតិថិជន គឺជាម៉ូដែល Xiaomi YU7 Max ពណ៌បៃតងហៅថា Emerald Green ដែលជាម៉ូដែលពិសេស ដែលមានការឌីស្សាញផ្នែកខាងក្រៅភាគច្រើនពីកាបោន, បំពាក់យ៉ាន់កង់ទំហំ 20-inch និងប្រព័ន្ធក្រចាប់ហ្វ្រាំងពណ៌លឿង។ YU7 Max Emerald Green ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ All-wheel-drive ដែលអាចផលិតកម្លាំងបាន 508kW (681hp) ជាមួយកញ្ចប់ថ្មដែលសាកពេញម្តងអាចជិះបានចម្ងាយ 760km ហើយនិងមានតម្លៃតម្លៃខ្ទង់ $51,050។

បើតាមទិន្នន័យពីសមាគមន៍ប្រើប្រាស់រថយន្តដឹកអ្នកដំណើរក្នុងប្រទេសចិន ហៅកាត់ថា CPCA នៅក្នុងខែតុលាឆ្នាំ 2025 ក្រុមហ៊ុន Xiaomi បានធ្វើការលក់រាយរថយន្តម៉ូដែល YU7 Series បានចំនួន 48,654 គ្រឿង ហើយបើគិតពីចំនួនសរុបនៃការលក់ YU7 មកទល់នឹងពេលនេះ គឺមានចំនួនលើសពី 70,000 គ្រឿង ដែលធ្វើឲ្យរថយន្តអគ្គិសនី SUV មួយនេះ ក្លាយជា mid-size SUV ដែលលក់ដាច់ខ្លាំងបំផុតក្នុងប្រទេសចិន។ ជាមួយគ្នានេះ Xiaomi Auto បានកែសម្រួលចំនួនគោលដៅលក់រថយន្តប្រចាំឆ្នាំ 2025របស់ខ្លួនដល់ជាង 400,000 គ្រឿង ហើយនិងមានគម្រោងចាប់ផ្តើមការលក់នៅលើទីផ្សារអន្តរជាតិនៅឆ្នាំ 2027 ដោយដំបូងឡើយ គឺផ្តោតលើការលក់នៅទីផ្សារតំបន់អឺរ៉ុប។
ក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី 3 ឆ្នាំ 2025 របស់ Xiaomi Group បានបង្ហាញពីប្រាក់ចំណូលសរុបមានចំនួន 113.1 ពាន់លានយ័ន ឬប្រហែល 16 ពាន់លានដុល្លារអាមេរិក កើនឡើង 22.3% ធៀបនឹងឆ្នាំមុន និងប្រាក់ចំណេញសុទ្ធមានចំនួន 11.3 ពាន់លានយ័ន ឬប្រហែល 1.60 ពាន់លានដុល្លារអាមេរិក កើនឡើង 80.9%។

ក្នុងនោះប្រាក់ចំណូលពីយានយន្តអគ្គិសនីឆ្លាតវៃ បញ្ញាសិប្បនិម្មិត(AI) និងអាជីវកម្មផ្តោតលើនវានុវត្តន៍ផ្សេងទៀតបានឈានដល់ 29 ពាន់លានយ័ន ឬប្រហែល 4.10 ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសនេះ។ ហើយការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បានកើនឡើងដល់ 9.1 ពាន់លានយ័ន ឬប្រហែល 1.29 ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី 3 ហើយការស្រាវជ្រាវ និងអភិវឌ្ឍន៍ពេញមួយឆ្នាំត្រូវបានព្យាករថានឹងលើសពី 30 ពាន់លានយ័ន ឬប្រហែល 4.23 ពាន់លានដុល្លារអាមេរិក៕
