
ក្រុមហ៊ុន Honor នឹងមានការប្រកាសចេញស្មានហ្វូនជំនាន់ថ្មីនៅដើមខែក្រោយនេះនៅក្នុងប្រទេសចិន។ ស្មាតហ្វូនជំនាន់ថ្មីទាំងនោះរួមមាន Honor 300, Honor 300 Pro និង Honor 300 Ultra។ ហើយកាលពីពេលថ្មីៗនេះ Honor បានធ្វើការបង្ហាញពីរូបភាពនៃការរចនារបស់ម៉ូដែល Honor 300 Pro ដោយឡែកនៅពេលនេះក្រុមហ៊ុនក៏បានបញ្ចេញរូបភាពផ្លូវការណ៍របស់ម៉ូដែល Honor 300 Ultra មួយទៀត។
បើតាមរូបភាពបង្ហាញថា 300 Ultra គឺមានការរចនាជាមួយកម្រាស់ស្តើងល្មម និងលេងស្ទាយកាមេរ៉ាក្រោយថ្មីប្លែកពីជំនាន់មុន។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការរចនារូបរាងឡើងប្រកបដោយគុណភាពខ្ពស់កម្រិត Premium ដោយផ្នែកខាងមុខត្រូវបានស្រោបដោយបច្ចេកវិទ្យាអេក្រង់កោងគែម និងលែនទំលុះថ្ងាសអេក្រង់មួយគ្រាប់ដូចគ្នានឹងម៉ូដែល Pro ដែរ។ នៅផ្នែកខាងក្រោយមានដំឡើងនៅប្រព័ន្ធកញ្ចប់លែនកាមេរ៉ាស្ទាយថ្មីដែលមានបង្កប់ដោយលេនកាមេរ៉ាចំនួន 3 គ្រាប់ដែលមានរំលេចជាមួយនិមិត្តសញ្ញានៃម៉ាកកាមេរ៉ាអក្សរពណ៌ក្រហមដ៏ទាក់ទាញ។ រូបភាពបង្ហាញថា Honor 300 Ultra មានជម្រើសពណ៌សហៅថា Camellia White និងខ្មៅហៅថា Ink Rock Black។
Honor 300 Ultra នឹងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 និងគាំទ្រនូវបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់ប្រភេទ 3D Ultrasonic fingerprint sensor។ Honor 300 Ultra នឹងបំពាក់នូបច្ចេកវិទ្យាអេក្រង់កោងដែលមានកម្រិតបង្ហាញ 1.5K Curved Display ដែលជាអេក្រង់ផលិតដោយ Juxiong glass។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងមានជម្រើសរ៉េមទំហំ 12GB និង 16GB ជាមួយជម្រើសម៉េមូរីចាប់ពីទំហំ 512GB ដល់ 1TB។

សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Honor 300 Ultra អាចនឹងបំពាក់នូវសែនស័រកាមេរ៉ាចំនួន 3 គ្រាប់ដែលក្នុងនោះរួមមានសែនស័រ Periscope telephoto lens ទំហំ 50MP គាំទ្រមុខងារកម្រិតខ្ពស់ដូចជា “SLR-level elegant portrait” និង AI-driven image enhancements ដែលមានដូចជាមុខងារ AI free image expansion ជាដើម។ ក្រុមហ៊ុន Honor បានបើកទទួលការបញ្ជាក់ទិញមុនសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ ស្របពេលការប្រកាសចេញផ្លូវការណ៍នឹងត្រូវធ្វើឡើងនៅថ្ងៃទី 02 ខែ ធ្នូ ខាងមុខនេះ នៅក្នុងប្រទេសចិន៕
