
កាលពីដើមខែនេះ យើងបានឃើញនូវរូបភាពជាច្រើនរបស់ស្មាតហ្វូន Galaxy Z Fold 6 ដែលមានការទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូននេះ។ នៅពេលនេះ មានការទម្លាយចេញនូវរូបភាពកាន់តែច្បាស់អំពីស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ដែលបានផ្តល់នូវការឌីស្សាញកាន់តែច្បាស់អំពីស្មាតហ្វូនជំនាន់ថ្មីនេះ។ បើមើលទៅលើរូបភាពចុងក្រោយបំផុតត្រូវបានទម្លាយចេញពី @UniverseIce បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 ថ្មីនេះ មានពណ៌ទឹកប្រាក់ ហើយរូបភាពនេះ ក៏មានការប្រៀបធៀបជាមួយនឹងស្មាតហ្វូន Galaxy Z Fold 5 ផងដែរ។
ដូចអ្វីដែលបានបង្ហាញនៅលើរូបភាពនេះអញ្ចឹង ស្មាតហ្វូនេអក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 នេះ គឺមានទំហំធំជាងស្មាតហ្វូន Galaxy Z Fold 5 ដែលបានបង្ហាញវត្តមានកាលពីឆ្នាំ ហើយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានអេក្រង់ខាងក្នុង និងខាងក្រៅដែលធំជាងអ្វីដែលមានស្រាប់។ ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់នូវបទពិសោធន៍កាន់តែប្រសើរក្នុងការប្រើប្រាស់ផងដែរ។

ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Fold 6 នេះ គឺមើលទៅពិតជាមានភាពទាន់សម័យ និងទាក់ទាញបំផុតក្នុងការប្រើប្រាស់។ សម្រាន់ការថតរូបនៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នេះ គឺមានតម្លើងនូវកាមេរ៉ានៅខាងក្រោយចំនួន 3 គ្រាប់ ហើយក៏ការតម្លើងនូវប៊ូតុងសម្លេង ហើយនិងប្រព័ន្ធស្កេនក្រយ៉ៅដៃ (fingerprint scanner) នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះផងដែរ។ សម្រាប់ព័ត៌មានជាក់លាកនៃរូបភាពផ្លូវការរបស់ស្មាតហ្វូននេះ គឺនឹងបង្ហាញកាន់តែច្រើននៅមុនថ្ងៃថ្ងៃទី 10 ខែកក្កដាឆ្នាំ 2024 ខាងមុខនេះ៕
