
និយាយពីស្មាតហ្វូនបត់បានតម្លៃសមរម្យរបស់ក្រុមហ៊ុន Samsung មកដល់ថ្ងៃនេះ គឺនៅតែជាប្រធានបទដែលត្រូវតាមដានជាប្រចាំដដែល ខណៈដែលកន្លងមក មានការទម្លាយថា ម៉ូដែលថ្មីនេះ ប្រហែលជាមានការឌីស្សាញមិនខុសពីមុនខ្លាំងនោះទេ។ នៅថ្ងៃនេះ តាមការបញ្ជាក់ចេញពីអ្នកទម្លាយ OnLeaks ដែលសហការជាមួយនឹង SammyGuru បានធ្វើការចែករំលែករូបភាព Render ថ្មីកម្រិតខ្ពស់របស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Z Flip 7 FE នេះទៀតហើយ។ សម្រាប់ម៉ូដែលនេះ គឺជាស្មាតហ្វូនបត់បានដំបូងបំផុតនៅក្នុងត្រកូល FE (Fan Edition) របស់ក្រុមហ៊ុន Samsung។
បើមើលទៅលើរូបភាពនេះតែមួយភ្លែតនោះ បង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានថ្មី Galaxy Flip 7 FE នេះ គឺមានលក្ខណៈស្ទើរតែដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Z Flip 6 អញ្ចឹង មិនថាតែផ្នែកខាងក្រៅ និងផ្នែកខាងក្នុងនោះទេ។ ប៉ុន្តែការឌីស្សាញទម្រង់ Clamshell នេះ ក៏មានពាក្យចចាមអារ៉ាមនិយាយថា អាចនឹងមានការផ្លាស់ប្តូរតិចតួចផងដែរ។
ស្មាតហ្វូនអេក្រង់បត់នេះ នឹងមានអេក្រង់ខាងក្រៅទំហំ 3.4-អ៊ីង cover display និងអមជាមួយនឹងអេក្រង់ខាងក្នុងទំហំ 6.7-អ៊ីង។ ស្មាតហ្វូន FE នេះ អាចនឹងមានកម្រាស់ដល់ទៅ 4mm។ និយាយពីរូបភាព render ថ្មីនេះ ក៏បានបង្ហាញនូវការឌីស្សាញដ៏ស្រស់ស្អាត ប៉ុន្តែសម្រាប់ផ្នែក hardware របស់វាក៏អាចនឹងមានការកែប្រែផងដែរ។

ស្មាតហ្វូន Galaxy Z Flip 7 FE ត្រូវបានគេទម្លាយថា នឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2400e ដែលជា version មួយទៀតរបស់ Exynos 2400 របស់ក្រុមហ៊ុន Samsung។ ស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវស្បែកកម្មវិធី One UI 7 ដែលមានផ្អែកនៅលើ Android 15 ផងដែរ។ បើនិយាយអំពីកាមេរ៉ារបស់ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ហើយនិងមានគ្រាប់ទីពីរទំហំ 12MP Ultrawide Lens។
ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវស៊ុម Armor Aluminum frame និងមានតួរខ្លួន ឌីស្សាញចេញពី Corning Gorilla Glass Victus ជាដើម។ ក្រុមហ៊ុន Samsung អាចនឹងផ្តល់នូវការអាប់ដេតទៅលើ Android OS និង Security Patch ដល់ទៅ 6 ឆ្នាំ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នឹងប្រើប្រាស់នូវ WiFi 6E និង 25W wired charging ផងដែរ៕
