
យោងទៅលើប្រភពព័ត៌មានចចាមអារាម និងរបាយការណ៍ជាច្រើនបាននិយាយថា iPhone 17 Pro Series ដែលនឹងមកដល់ក្នុងខែកញ្ញា ឆ្នាំ 2025 នេះ នឹងមានការផ្លាស់ប្តូរការរចនាថ្មីនៅលើផ្ទៃកញ្ចប់កាមេរ៉ាខាងក្រោយ។ មានការទម្លាយចេញនូវគំរូនៃការរចនាថ្មីនៃជំនាន់ iPhone 17 Series ទាំង 4 គ្រប់ម៉ូដែលនៅលើបណ្តាញអ៊ីនធើរណិត។ ហើយអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺការផ្លាស់ប្តូរទម្រង់នៃការរចនាកាមេរ៉ាខាងក្រោយរបស់ iPhone 17 Pro Series តែម្តង។
ដោយឡែកសម្រាប់រូបភាពថ្មីដែលបង្ហាញពីស្រោមការពាររបស់ iPhone 17 Pro Series ដែលត្រូវបានចែករំលែកដោយគណនីមួយឈ្មោះថា Sonny Dickson ដែលបានបង្ហាញកាន់តែច្បាស់ពីទម្រង់នៃការឌីស្សាញផ្ទៃនៃកញ្ចប់កាមេរ៉ាក្រោយរបស់ iPhone 17 Pro Series។

ស្រោមការពារនេះ គឺបង្ហាញពីការឌីស្សាញផ្ទៃកាមេរ៉ាខាងក្រោយមានទំហំប្រហែល 3 ភាគនៃផ្ទៃខ្ទងខាងក្រោយរបស់ទូរស័ព្ទ។ ហើយប្រសិនបើព័ត៌មាននៃការផ្លាស់ប្តូរការរចនាទម្រង់កាមេរ៉ាថ្មីនេះកើតឡើងមែន មានន័យថា iPhone 17 Pro និង iPhone 17 Pro Max គឺជាការផ្លាស់ប្តូរថ្មីលើកដំបូងចាប់តាំងពីជំនាន់ iPhone 11 Pro។

iPhone 17 Pro Series ត្រូវបានគេរំពឹងថា នឹងបំពាក់នូវសែនស័រកាមេរ៉ាគោលទំហំ 48MP ខ្នាត 1/1.3-inch រួមជាមួយសែនស័រ Ultrawide ទំហំ 48MP និង Periscope telephoto ទំហំ 48MP អាច optical-zoom បាន 5x។ ប្រភពព័ត៌មានក៏បានបញ្ជាក់ទៀតថា ប្រព័ន្ធកាមេរ៉ារបស់ iPhone 17 Pro និង 17 Pro Max នឹងមានសមត្ថភាពអាចផលិតសាច់វីដេអូបានច្បាស់ដល់កម្រិត 8K ថែមទៀតផង៕
