
ថ្មីៗនេះ ក្រុអហ៊ុន Xiaomi ទើបតែចេញមកបញ្ជាក់ថា ការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Xiaomi 17, Xiaomi 17 Pro និង Xiaomi 17 Pro Max គឺនឹងធ្វើឡើងនៅក្នុងប្រទេសចិននាចុងខែនេះហើយ ដោយឆ្នាំនេះ គឺមានការរំលងនូវម៉ូដែលមានលេខ 16 ដើម្បីដើរអោយទាន់ក្រុមហ៊ុន Apple ដែលទើបតែដាក់សម្ពោធជាផ្លូវការណ៌ iPhone 17 Series កាលពីពេលថ្មីនេះ។
យោងតាមការទម្លាយថ្មីនៅថ្ងៃនេះ គឺមានការចែកចាយនូវរូបភាពផ្នែកខាងក្រោយនៃស្មាតហ្វូនជំនាន់ថ្មី Xiaomi 17 Pro Max ថែមទៀតហើយ ដោយរូបភាពខាងលើនេះបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការបំពាក់នូវអេក្រង់តូចមួយនៅលើម៉ូឌុលកាមេរ៉ា ដូចអ្វីដែលគ្រប់គ្នាធ្លាប់បានឃើញនៅក្នុងរូបភាពដែលមានការបែកធ្លាយកាលពីប៉ុនសប្តាហ៌មុននេះអញ្ចឹង។
ជាមួយនិងការបញ្ចេញនូវរូបភាពខាងលើនេះ គឺត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Weibo ផ្លូវការណ៌របស់ក្រុមហ៊ុន Xiaomi តែម្តង ហើយរូបភាពនេះ ក៏ត្រូវបានលុបចោលវិញភា្លមៗផងដែរ។ ការបង្ហោះនេះ ត្រូវបានគេជឿជាក់ថា គឺជាកំហុសបច្ចេកទេស ដោយសារតែមុននេះ ក្រុមហ៊ុននេះទើបតែមានការជូនដំណឹងពីការលុបចោលនូវម៉ូដែល Xiaomi 16 Series ដោយមានការជំនួសមកវិញនូវ Xiaomi 17 Series។

សូមជំរាបថា បើតាមការបញ្ជាក់មុននេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ម៉ូដែលនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite Gen 5 SoC ដែលក្រុមហ៊ុន Qualcomm ទើបតែបញ្ជាក់ឈ្មោះច្បាស់កាលពីពេលថ្មីៗនេះ។ Xiaomi 17 និង Xiaomi 17 Pro ត្រូវបានគេទម្លាយថា នឹងមានអេក្រង់ទំហំប៉ុនគ្នា ខណៈដែលម៉ូដែល Pro Max និងមានទំហំធំជាងម៉ូដែល Pro ដូច Apple style អញ្ចឹង។
