
ថ្មីៗនេះ vivo ទើបតែប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីៗរបស់ខ្លួនជាច្រើនរួមមានដូចជា vivo X200, X200 Pro Min ហើយនិង X200 Pro នៅលើទីផ្សារប្រទេសចិន។ ស្មាតហ្វូនទាំងបីនេះ គឺមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 9400 គ្រប់ម៉ូដែលទាំងអស់។ ប៉ុន្តែស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល vivo X200 Series នេះ នៅមានម៉ូដែលថ្មីមួយទៀតដែលមានឈ្មោះថា X200 Ultra មិនទាន់មានការប្រកាសចេញនៅឡើយទេ។ បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារនាដើមឆ្នាំ 2025។ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite។
សូមជំរាបថា កាលពីឆ្នាំមុននេះ vivo X100 និង X100 Pro ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវបន្ទះឈីប Dimensity 9300 ខណៈដែលម៉ូដែល X100 Ultra មានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ ដូច្នេះផ្អែកលើព័ត៌មាននេះ មានការសន្និដ្ឋានថា ក្រុមហ៊ុននេះនឹងនៅតែបន្តធ្វើតាមម៉ូដែលមុននេះដែរ។ យោងតាមការទម្លាយនៅលើបណ្តាញ Weibo របស់ក្រុមហ៊ុន vivo នៅពេលនេះ មានការប្រទះឃើញថា នឹងមានការប្រកាសចេញស្មាតហ្វូននៅពេលខាងមុខនេះ ជាមួយនិងបន្ទះឈីប Snapdragon 8 Elite។ ដូច្នេះ Vivo X200 Ultra អាចនឹងប្រើប្រាស់ឈីប Snapdragon 8 Elite បនេះហើយ។

ស្មាតហ្វូន Vivo X200 Ultra ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅឆ្នាំក្រោយ។ យោងតាមការទម្លាយចេញពី Digital Chat Station មុននេះធ្លាប់បាននិយាយថា X200 Ultra នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel និងកាមេរ៉ាទីពីរទំហំ 50-Megapixel ultra-wide sensor ហើយនិងកាមេរ៉ាទីបីមានទំហំ 50-Megapixel telephoto ខណៈដែលកាមេរ៉ាទី បួនមានទំហំ 200-Megapixel periscope telephoto។ ស្មាតហ្វូននេះ ក៏អាចនឹងមានការបំពាក់នូវប្រព័ន្ធផ្កាយរណប satellite communication ផងដែរ។

ជាមួយនិងវត្តមានរបស់ Vivo X200 Ultra ត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងនៅលើទីផ្សារចិន ជាមួយនិងស្មាតហ្វូនប្រណិតៗជាច្រើនដូចជា Samsung Galaxy S25 Ultra, OPPO Find X8 Ultra ហើយនិង Xiaomi 15 Ultra ជាដើម។ X200 Ultra អាចនឹងមានតម្លៃប្រហែល 5,500 យ៉ន់ (~$770) នៅលើទីផ្សារប្រទេសចិន។ ប៉ុន្តែមិនទាន់មានារបញ្ជាក់ពីវត្តមាននៅលើទីផ្សារសកលនោះទេ។
