ស្វែងរកពួកយើង:

រូបភាពផ្លូវការរបស់រថយន្តស៊េរីថ្មី Deepal L07 ត្រូវបានក្រុមហ៊ុន Changan ទម្លាយចេញហើយ

ដោយ

Koun Jab Luffy

21 ឧសភា 2024 05:03 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តម៉ាក Deepal ដែលជាស្លាកយីហោស្ថិតនៅក្រោមក្រុមហ៊ុន Changan បានធ្វើការបង្ហាញចេញរូបរាងផ្លូវការណ៍រថយន្តស៊េរីថ្មីម៉ូដែល Deepal L07។ Deepal L07 គឺជារថយន្ត Sedan ដែលមានការសហការផលិតរវាង Changan និង Huawei។ ដោយ Changan ជាអ្នកផលិត ចំនែក Huawei ជាអ្នកផ្គត់ផ្គងផ្នែក Software ជាមួយប្រព័ន្ធជំនួយការបើកស្វ័យប្រវត្តិដ៏ឆ្លាតវៃ (smart driving system)។ រថយន្តស៊េរីថ្មីនេះ នឹងមានជម្រើសពីរម៉ូដែល គឺ EV និង EREV។
Deepal L07 ត្រូវបានគេដឹងថា គឺជាម៉ូដែល  SL03 ដែលបានចេញលក់នៅទីផ្សារប្រទេសចិន ហើយបច្ចុប្បន្ននេះ ក៏បានចេញលក់នៅប្រទេសថៃដោយបានប្តូរឈ្មោះទៅជា L07 ផងដែរ។ Deepal បានធ្វើការកែប្រែស្រឡាយម៉ាករថយន្តរបស់ខ្លួនដោយរថយន្តប្រភេទ Sedan ត្រូវបានចាប់ផ្តើមពីម៉ាក L0 និង SUV ចាប់ផ្តើមពី S0។ បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិក្រុមហ៊ុន Deepal លោក Deng Chenghao បានឲ្យដឹងថា Deepal SL03 នឹងបន្តលក់ ទោះបីជា Deepal L07 ត្រូវបានប្រកាសចេញផ្លូវការណ៍ក៏ដោយ។ សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំ 2023 ក្រុមហ៊ុន Changan បានចុះហត្ថលេខាលើ "អនុស្សរណៈកិច្ចសហប្រតិបត្តិការវិនិយោគ" ជាមួយក្រុមហ៊ុន Huawei ដើម្បីបង្កើតប្រព័ន្ធបើកបររថយន្តឆ្លាតវៃ។
Deepal L07 គឺមានការឌីស្សាញដូចគ្នាទៅនឹងម៉ូដែល SL03 ដែលបានចេញលក់នៅចិន និងថៃ (L07) ដដែល ដោយគ្រាន់តែមានការផ្លាស់ប្តូរផ្នែករចនាបថមួយចំនួនប៉ុណ្ណោះ។ រថយន្តស៊េរីថ្មីនេះ គឺនឹងមានប្រវែងបណ្តោយតួខ្លួន 4875mm X ទទឹង 1890mm X កម្ពស់ 1480 mm និងគម្លាតកង់មុខងារទៅកង់ក្រោយ 2900mm ជាមួយទំងន់សរុប 1,880kg/1,865kg។ L07 មានប្រវែងតួរវែងជាង SL03 ប្រមាណ 55mm។
Article image
សម្រាប់ម៉ូដែល Deepal L07 EV គឺមានបំពាក់ម៉ូទ័រអគ្គិសនីមួយស៊េរី XTDM33 Motor កំលាំង 185kW ខណៈម៉ូដែល Deepal L07-EREV គឺបំពាក់ម៉ាស៊ីនចំនុះ 1.5L (JL469Q1) កំលាំង 72kW ជាមួយនឹងម៉ូទ័រអគ្គិសនីមួយកំលាំង 160kW។ ហើយទាំងពីរជម្រើស គឺនឹងប្រើប្រាស់កញ្ចប់់អាគុយប្រភេទ lithium iron phosphate battery packs។ ប៉ុន្តែ គួរឲ្យស្តាយដោយក្រុមហ៊ុន Deepal មិនទាន់បញ្ជាក់កាលបរិច្ឆេទប្រកាសចេញ និងតម្លៃរបស់ Deepal L07 នោះទេក្នុងពេលនេះ៕