
មកដល់ពេលនេះ បើទោះបីជាមានការទម្លាយព័ត៌មានជាច្រើនទាក់ទងជាមួយនិង iPhones 16 Series ដែលជាជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ក៏ដោយ អ្វីៗគឺស្ថិតនៅក្នុងភាពអាថ៌កំបាំងដដែល ដោយក្រុមហ៊ុនមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេរហូតទាល់តែការប្រកាសជាផ្លូវការ។ នៅថ្ងៃនេះ ការបែកធ្លាយថ្មីមួយនៅលើ Weibo ដែលចេញពី Smartprix បានទម្លាយនូវព័ត៌មានលម្អិតមួយចំនួនអំពី iPhone 16 series និង iPhone SE 4 នេះថែមទៀតហើយ។
នៅក្នុងការទម្លាយថ្មីនេះ បានបញ្ជាក់ថា iPhone SE 4 នឹងមានការ upgrade ច្រើនទៅលើការឌីស្សាញរូបរាង។ ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំធំដល់ទៅ 6.1-អ៊ីង ដែលស្រដៀងគ្នាទៅនឹងស្មាតហ្វូន iPhone 14 ហើយក៏មាន notch នៅខាងលើជាមួយនឹងបច្ចេកវិទ្យា Face ID ផងដែរ។ អ្វីដែលអស្ចារ្យនោះ គឺនៅលើស្មាតហ្វូនថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប A18 Bionic ដែលជាបន្ទះឈីបថ្មី នឹងប្រើប្រាស់នៅលើ iPhone 16 Series។ ប្រសិនព័ត៌មាននេះ ជាការពិតនោះ iPhone SE 4 ថ្មីនេះ គឺមានសមត្ថភាពខ្លាំងក្លា និងមានតម្លៃប្រហែល 4199 យ៉ន់ ($599)។ ស្មាតហ្វូនថ្មីនេះ អាចនឹងប្រើកាមេរ៉ាខាងក្រោយដូចទៅនឹងម៉ូឌែល iPhone 14 ផងដែរ។

សម្រាប់ស្មាតហ្វូន iPhone 16 Pro ដែលមានការបែកធ្លាយថ្មីនេះ បង្ហាញថា ស្មាតហ្វូននេះ គឺមានការឌីស្សាញដែលមិនមានការផ្លាស់ប្តូរច្រើនពីស្មាតហ្វូន iPhone 15 Pro នោះទេ។ អ្វីដែលប្លែកនោះ គឺថា ម៉ូដែលថ្មីនេះ គឺមានប៊ូតុងកាមេរ៉ាមួយនៅជ្រុងខាងស្តាំ។ iPhone 16 Pro នេះ នឹងមានបន្ទះឈីប A18 Pro ផងដែរ។ សម្រាប់កាមេរ៉ា ultrawide របស់ស្មាតហ្វូននេះ គឺមានទំហំ 48MP ultra-wide-angle sensor គាំទ្រជាមួយនឹងបច្ចេកវិទ្យា “ultra-thin prism reflection technology”។

បច្ចេកវិទ្យាថ្មីនេះ គឺមានការទ្រទ្រង់ទៅលើ A18 Pro’s neural network engine ដែលអាចពង្រឹងទៅលើគុណភាពរូបភាព និងការទ្រទ្រង់ទៅលើមុខងារជាច្រើនដូចជា spatial video សម្រាប់ប្រើប្រាស់នៅលើ Apple’s Vision Pro headset ជាដើម។ សម្រាប់ពណ៌របស់ iPhone 16 Pro នេះគឺមានពណ៌ខ្មៅ ខៀវ ស និងលឿង ប៉ុន្តែនៅមិនទាន់មានការលើកឡើងអំពីពណ៌ Bronze នោះទេ អាចនឹងប្រើប្រាស់សម្រាប់ម៉ូឌែល PRO Max ៕
