
ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែទម្លាយចេញនូវព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មី realme P3 Ultra ដែលជាម៉ូដែលមួយមានដាក់លក់ផ្តាច់មុខនៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ។ បើតាមការបញ្ជាក់កន្លងមក បានអោយដឹងថា នេះគឺជាស្មាតហ្វូនដ៏ខ្លាំងក្លាបំផុតនៅក្នុងស្មាតហ្វូនត្រកូល realme P3 series ហើយថែមទាំងមានសមត្ថភាពខ្លាំងជាងស្មាតហ្វូន P3 Pro ថែមទៀតផង។ បើមើលទៅលើការឌីស្សាញរបស់ស្មាតហ្វូនស៊េរីថ្មី realme P3 Ultra នេះ គឺមានការបំពាក់នូវអេក្រង់គែមរាបស្មើជាមួយនឹងពណ៌ប្រផេះ ហើយសម្រាប់ប៊ូតុងសំឡេង និងប៊ូតុង Power (ពណ៌ទឹកក្រូច) គឺស្ថិតនៅគែមស្តាំ។
ស្មាតហ្វូននេះ មានការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ាភ្លោះស្ថិតនៅផ្នែកខាងលើខាងឆ្វេង។ នៅក្នុងការទម្លាយនៅលើ Geekbench នេះ បង្ហាញថា ស្មាតហ្វូន realme P3 Ultra បំពាក់នូវបន្ទះឈីប Dimensity 8350 រ៉េមទំហំ 12GB និងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15។ ជាមួយនិងវត្តមាននៅលើទីផ្សារឥណ្ឌានេះ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានទំហំតែ 12GB+256GB ប៉ុណ្នោះ។

គួរបញ្ជាក់ថា ស្មាតហ្វូន realme P3 Pro ដែលមានទំហំ12GB+256GB ដែលលក់ នៅក្នុងប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះគឺមានតម្លៃប្រហែលជា Rs 26,999 ប៉ុណ្ណោះ ។ ដូចនេះ សម្រាប់ស្មាតហ្វូន realme P3 Ultra អាចនឹងមានតម្លៃក្រោម Rs 30,000។ ស្មាតហ្វូននេះនឹងអាចប្រជែងជាមួយនឹងស្មាតហ្វូន Poco X7 Pro ដែលលក់នៅក្នុងប្រទេសឥណ្ឌាមានតម្លៃ Rs 27,999។ ពេលនេះ ក្រុមហ៊ុន realme បានទម្លាយនូវព័ត៌មានរបស់ស្មាតហ្វូន realme P3 Ultra ថា អាចនឹងប្រកាសជាផ្លូវការនៅក្នុងខែនេះ។ ក្រុមហ៊ុន realme ក៏អាចនឹងបង្ហាញស្មាតហ្វូន realme P3 5G ជាមួយនឹងស្មាតហ្វូននេះផងដែរ៕
