
កាលពីប៉ុន្មានថ្ងៃមុននេះ មានពាក្យចចាមអារ៉ាមថ្មីមួយ បានអះអាងថា ក្រុមហ៊ុន Samsung គឺបាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនទី 4 នៅក្នុងត្រកូល Galaxy S25 Series របស់ខ្លួនថែមទៀតហើយដើម្បីជាការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនូវនិន្នាការថ្មីរបស់ស្មាតហ្វូនដែលនឹងមានលក់នៅលើទីផ្សារនាឆ្នាំ 2025 ខាងមុខនេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានឈ្មោះហៅថា Galaxy S25 Slim។ នៅពេលនេះ លក្ខណៈសម្បត្តិថ្មីមួយចំនួនរបស់ស្មាតហ្វូនថ្មីនេះ ក៏ត្រូវបានគេផ្តើមធ្វើការទម្លាយចេញនៅលើអនឡាញផងដែរ។
យោងតាមការទម្លាយចេញពី Debayan Roy បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Slim នេះ អាចនឹងមានការបំពាក់នូវអេក្រង់ទំហំ 6.66-អ៊ីង ដែលស្រដៀងគ្នាទៅនឹងអេក្រង់របស់ស្មាតហ្វូន Galaxy S25+ អញ្ចឹង។ នៅលើស្មាតហ្វូន Galaxy S25 Slim នេះ ត្រូវបានគេរាយការណ៌ថា អាចនឹងមានកាមេរ៉ាគោលទំហំ 200MP (ISOCELL HP5) និងមានអមដោយកាមេរ៉ា 50MP ultrawide camera (ISOCELL JN5) ហើយនិងកាមេរ៉ា 50MP telephoto camera (ISOCELL JN5) ដែលមានគាំទ្រទ្រង់ជាមួយនឹងមុខងារហ៊្សូមបាន 3.5x optical zoom ទៀតផង ។
បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន Galaxy S25 Slim នេះ ក៏ត្រូវបានគេទម្លាយថា នឹងមានបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite ដូចគ្នាជាមួយនឹងបន្ទះឈីប ដែលនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ដែលស្ថិតនៅក្នុងស្រឡាយ Galaxy S25 Series ផងដែរ។ អ្នកទម្លាយរូបនេះ បានបន្តអះអាងថា ស្មាតហ្វូន Galaxy S25 Slim នេះអាចនឹងមានថាមពលថ្មនៅចន្លោះ 4,700mAh និង 5,000mAh។

ទាក់ទងជាមួយនិងស្មាតហ្វូននេះដែរ អ្នកទម្លាយ Ice Universe ក៏ធ្លាប់បានអះអាងថា ការឌីស្សាញរូបរាងរបស់ស្មាតហ្វូន Galaxy S25 Slim ថ្មីនេះ អាចនឹងមានកម្រាស់ 6.xmm ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេទម្លាយថា នឹងមានលេខកូដ SM-S937x ហើយអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 ខាងមុខនេះ ជាមួយនឹងស្មាតហ្វូនត្រកូល Galaxy A series៕
