យោងទៅលើប្រភពព័ត៌មានចចាមអារាមបាននិយាយថា iPhone 18 អាចនឹងមិនមានវត្តមាននៅក្នុងព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មីដែលត្រូវប្រារព្ធធ្វើឡើងនៅក្នុងខែកញ្ញា ដូចរាល់ឆ្នាំឡើយ។ ដោយម៉ូដែលស្តង់ដារនេះ ត្រូវបានគេនិយាយថា នឹងប្រកាសចេញនៅក្នុងនិទាឃរដូវឆ្នាំនេះ ដំណាលគ្នាជាមួយនឹងម៉ូដែល iPhone 18e។ ដូចនេះមានន័យថា ក្នុងព្រឹត្តិការណ៍របស់ Apple ក្នុងខែកញ្ញា ឆ្នាំ 2026 នេះ គឺក្រុមហ៊ុនធ្វើការប្រកាសចេញតែម៉ូដែល iPhone 18 Pro, iPhone 18 Pro Max រួមនឹងស្មាតហ្វូនអេក្រង់បត់ម៉ូដែលដំបូង iPhone Fold ឬ iPhone Ultra តែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានតម្លាយចេញពីក្នុងប្រទេសចិនបាននិយាយថា iPhone 18 មិនត្រឹមតែធ្វើការប្រកាសចេញដំណាលគ្នាជាមួយនឹងម៉ូដែល iPhone 18e ប៉ុណ្ណោះទេ ប៉ុន្តែ ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិ និងតម្លៃក៏ប្រហាក់ប្រហែលគ្នានឹង iPhone ដែលមានតម្លៃសមរម្យផងដែរ។ នោះក៏ព្រោះតែ Apple ត្រូវបានគេដឹងថា បានកាត់បន្ថយថ្លៃដើមក្នុងការផលិត iPhone 18 ក៏ដោយសារតែកង្វះខាតបន្ទះឈីបដែលកើនឡើងយ៉ាងឆាប់រហ័ស។

ប្រភពដដែលបាននិយាយថា iPhone 18 អាចនឹងត្រូវកាត់បន្ថយសមត្ថភាពបន្ទះឈីប បច្ចេកទេសបន្ទះឈីប ក៏ដូចជាអង្គចង់ចាំមានកម្រិតទាប ឬក៏អង្គចង់ចាំដែលមានល្បឿនដំណើរការយឺតជាដើម ដូចនេះសមត្ថភាព និងគុណសម្បត្តិរបស់ iPhone 18 អាចមានភាពប្រហាក់ប្រហែលគ្នានឹងម៉ូដែល iPhone 18e ហើយនិងមានតម្លៃទាបជាងជំនាន់មុនៗ។ ប្រភពមិនបានបង្ហាញព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិរបស់ iPhone 18 នោះទេក្នុងពេលនេះ។ យ៉ាងណាមិញ មានការរំពឹងថា iPhone 18 អាចនឹងបន្តប្រើប្រាស់លក្ខណៈសម្បត្តិមួយចំនួនពីម៉ូដែល iPhone 17 បច្ចុប្បន្ន
