
OnePlus Ace 3V គឺជាស្មាតហ្វូនជំនាន់ថ្មី ត្រូវបានគេទម្លាយថា ក្រុមហ៊ុននេះ នឹងប្រកាសចេញជាផ្លូវការនៅលើ ទីផ្សារប្រទេសចិននាពេលឆាប់ៗនេះហើយ។ មួយរយៈចុងក្រោយនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការបែកធ្លាយ ព័ត៌មានជាច្រើន ជាក់ស្តែងនៅពេលនេះ មានការទម្លាយជាថ្មី ដែលបង្ហាញនូវផ្នែកខាងមុខនៃស្មាតហ្វូនជំនាន់ថ្មីនេះ ហើយ ដោយថែមទាំងមានការបញ្ចេញនូវរូបភាពរបស់ស្មាតហ្វូននេះថែមទៀតផង ។
ស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3V ត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនដំបូងគេបំផុត ដែលនឹងមានការបំពាក់ នូវបន្ទះឈីប Qualcomm Snapdragon 7+ Gen 3 SoC។ បន្ទះឈីបនេះ ក្រុមហ៊ុន Qualcomm បានត្រៀមខ្លួន ប្រកាសចេញជាផ្លូវការនៅលើទីផ្សារនាថ្ងៃទី 18 ខែមីនាខាងមុខនេះហើយ។ ដូច្នេះផ្អែកលើការទម្លាយព័ត៌មានខាង លើនេះ មានការសន្និដ្ឋានថា ស្មាតហ្វូន OnePlus Ace 3V នឹងមានវត្តមាននៅលើទីផ្សារចុងខែនេះជាក់ជាមិន ខាន។
នៅថ្ងៃនេះ មុនការសម្ពោធជាផ្លូវការចូលមកដល់ អគ្គនាយកក្រុមហ៊ុន OnePlus China លោក Li Jie បានចែក រំលែកនូវរូបភាពផ្នែកខាងមុខរបស់ស្មាតហ្វូននេះហើយ។ អេក្រង់របស់ OnePlus Ace 3V គឺមានការឌីស្សាញរន្ធ អេក្រង់មួយគ្រាប់នៅចំកណ្តាល និងមានគែមជុំវុញមានទំហំតូចគ្រប់ជ្រុងទាំង 4 ថែមទៀត។ ដូច្នេះសម្រាប់ការ បង្ហាញរូបភាពនៅលអេក្រង់ស្មាតហ្វូននេះ គឺនឹងអាចនឹងមានគុណភាពខ្ពស់ជាងមុន និងមានភាពស្រស់ស្អាត ជាងមុន។ ហើយបន្ថែមពីនេះ ក៏មានប៊ូតុង Alert Slider នៅខាងឆ្វេង និងប៊ូតុងសម្លេង និងប៊ូតុង Power នៅ ខាងស្តាំ។
ស្មាតហ្វូនជំនាន់ថ្មី Ace 3V គឺបានឆ្លងកាត់ការចុះបញ្ជី GeekBench រួចហើយ ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 7+ Gen 3 SoC រ៉េម 16GB និងរត់នៅលើ Android 14។ ជាមួយគ្នានេះ ក៏មានការទម្លាយថា ស្មាតហ្វូននេះមានអេក្រង់ OLED កម្រិត 1.5K ល្បឿន 120Hz refresh rate ហើយនិងមានកាមេរ៉ាមុខទំហំ 16-Megapixel និងកាមេរ៉ាក្រោយ 50-Megapixel មានមុខងារ OIS។ ស្មាតហ្វូននេះមានថ្មទំហំ 5,500mAh កម្លាំងសាក 100W wired fast charging ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់រួមនិង IR blaster ផងដែរ។
