
យោងតាមព័ត៌មានថ្មីដែលមានការបែកធ្លាយនៅថ្ងៃនេះ គឺបានបង្ហាញនូវគំរូរូបភាពថ្មីរបស់ស្មាតហ្វូនតម្លៃសមរម្យនៃត្រកូល Galaxy S25 Series របស់ក្រុមហ៊ុន Samsung ថែមមួយទៀតហើយ។ Galaxy S25 FE ត្រូវបានគេទម្លាយរូបភាពជាថ្មីជាច្រើនទម្រង់ដោយមានការបញ្ជាក់យ៉ាងច្បាស់ពីការឌីស្សាញទៅលើរូបរាងរបស់ស្មាតហ្វូនថ្មីនេះ។ សម្រាប់ការលេចធ្លាយរូបភាពថ្មី Fan Edition របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ គឺត្រូវបានចែកចាយដោយសារព័ត៌មាន AndroidHeadlines report។
នៅក្នុងរបាយការណ៌ខាងលើនេះ គឺមានការបង្ហាញថា ស្មាតហ្វូនតម្លៃសមរម្យ Galaxy S25 FE មួយនេះ គឺមានជម្រើស 4 ពណ៌ ហើយនឹងមានការបញ្ចេញនូវគ្រប់ទម្រង់តែម្តង។ គ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់នូវទំហំអេក្រង់ និងម៉ូឌុលកាមេរ៉ា ក៏ដូចជាជ្រុងជុំវិញដែលមានកម្រាស់ស្តើងខ្លាំងជាងជំនាន់មុនៗផងដែរ។ ស្មាតហ្វូនថ្មីនេះ មានជម្រើសពណ៌ Black, Icy Blue, White និង Black។ សម្រាប់ឆ្នាំនេះ គឺមានការបង្ហាញខ្លួនជាថ្មីទៅលើពណ៌ស បន្ទាប់វត្តមាន Galaxy S25 series គ្មានពណ៌សនោះទេ។
អេក្រង់ស្មាតហ្វូននេះមើលទៅគឺមានគែម bezels ជុំវិញស្តើង និងមានរន្ធមួយគ្រាប់នៅចំកណ្តាលអេក្រង់សម្រាប់កាមេរ៉ាសែលហ្វី។ តាមការទម្លាយថ្មីៗនេះ ធ្លាប់បានបង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 FE គឺមានកម្រាស់ស្តើងជាងជំនាន់មុន។ តាមការបញ្ជាក់ខាងលើនេះ បាននិយាយថា ស្មាតហ្វូនតម្លៃសម្យរម្យរបស់ Samsung មួយនេះ គឺមានកម្រាស់ត្រឹមតែ 7.4mm ប៉ុណ្ណោះ។

ស្មាតហ្វូនថ្មីនេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2400 SoC អមដំណើរដោយរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 256GB ហើយតាមរយៈនៃការបែកធ្លាយរូបភាពខាងលើនេះ មានការកត់សម្គាល់ថា ក្រុមហ៊ុន Samsung អាចនឹងមានការប្រកាសចេញជាផ្លូវការណ៌នូវម៉ូដែល Galaxy S25 FE ឆាប់ៗនេះហើយ។ តាមពាក្យចចាមអារ៉ាមនិយាយថាស្មាតហ្វូននេះ នឹងមានវត្តមាននៅ IFA 2025 ជាមួយនិង Galaxy Buds 3 FE នៅថ្ងៃទី 4 ខែកញ្ញា 2025 ខាងមុខនេះហើយ។
