
គ្រួសារកំពូលស្មាតហ្វូន Galaxy S របស់ Samsung នៅតែជាអធិរាជ្យស្មាតហ្វូន Android ក្នុងពេលបច្ចុប្បន្ន។ គ្រួសារនេះ គឺមានសមាជិកផ្លូវការណ៍ចំនួនបី គឺប្អូន Galaxy S, បងទីពីរ Galaxy S “Plus” និងបងធំ Galaxy “Ultra”។ ស្របពេលដែលជំនាន់ថ្មី គឺ Galaxy S25 Series ត្រៀមបង្ហាញវត្តមាននៅដើមឆ្នាំក្រោយនេះ ស្រាប់តែមានលេចលឺព័ត៌មានចចាមអារាមថ្មីមួយបាននិយាយដល់ជំនាន់ Galaxy S26 Series ដែលនឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026។
បើតាមប្រភពព័ត៌មានចចាមអារាមបានទម្លាយថា Samsung នឹងមានការផ្លាស់ប្តូរឈ្មោះហៅថ្មីសម្រាប់ម៉ូដែល Ultra និង Plus នេះបើតាមការទម្លាយព័ត៌មាននៅលើគណនី X (អតិតបណ្តាញ Twitter) កាលពីពេលថ្មីៗនេះ។ នៅលើគណនីនេះ បាននិយាយថា Samsung Galaxy S26 Ultra នឹងត្រូវប្តូរឈ្មោះទៅជា Galaxy S26 Note រីឯ Galaxy S26 Plus នឹងប្តូរឈ្មោះទៅជា Galaxy S26 Pro វិញ។ ទោះជាយ៉ាងណាប្រភពមិនបានបញ្ជាក់ពីម៉ូដែលប្អូនពៅ Galaxy S26 នោះទេ។
ទោះជាយ៉ាងណាមិនទាន់មានការបង្ហើបព័ត៌មានណាមួយចេញពី Samsung នោះទេ ប៉ុន្តែ ក៏មានការលើកឡើងថា ការផ្លាស់ប្តូរឈ្មោះហៅថ្មីនេះ គឺមានផលអវិជ្ជមានជាងជាផលវិជ្ជមាត ដោយសារតែបច្ចុប្បន្នឈ្មោះ Ultra គឺជាឈ្មោះដែលមានអនុភាពបំផុតមួយនៅក្នុងគ្រួសារ Galaxy S-Series។
ហើយប្រសិនជាមានការប្តូរឈ្មោះថ្មីមែន គឺមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេសម្រាប់អ្នកប្រើប្រាស់នោះទេ ដោយសារតែពួកគេគិតថា “Note” ជាម៉ូដែលដាច់ដោយឡែកទាំងស្រុងពីគ្រួសារ Galaxy S។ Galaxy S26 Series នឹងក្លាយជាកំពូលស្មាតហ្វូនដ៏អស្ចារ្យបំផុតមួយរបស់ Samsung នៅក្នុងឆ្នាំ 2026 ដែលពួកវាត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្តូរកាន់តែទំនើបអស្ចារ្យខ្លាំងទ្វេឡើងនៅក្នុងបរិបទបច្ចេកវិទ្យាស្មាតហ្វូន។
បច្ចុប្បន្ន Samsung បាននឹងកំពុងធ្វើការផ្តោតទៅលើការអភិវឌ្ឍផលិតកំពូលស្មាតហ្វូនជំនាន់ថ្មី គឺ Galaxy S25 Series ដែលនឹងមកដល់នាដើមឆ្នាំ 2025 ខាងមុខនេះ។ ហើយក៏មានព័ត៌មានលេចលឺជាច្រើនហូរហែរផងដែរទាក់ទងនឹងកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ជាពិសេសម៉ូដែល Galaxy S25 Ultra តែម្តង។
បើតាមប្រភពព័ត៌មានបាននិយាយថា អេក្រង់របស់ Galaxy S25 Ultra នឹងមានសភាពកោងត្រង់កែងទាំងបួនបន្តិច ដោយមិនត្រង់ស្មើដូចអេក្រង់របស់ Galaxy S24 Ultra នោះទេ។ Galaxy S25 Ultra នឹងប្រើកំពូលឈីប Snapdragon 8 Gen 4 For Galaxy រួមនឹងមានការបង្កើនសមត្ថភាពលើប្រព័ន្ធកាមេរ៉ាថតរូបកាន់តែប្រសើរជាងជំនាន់ Galaxy S24 Ultra បច្ចុប្បន្នថែមទៀតផង៕
