
ជាថ្មីម្តងទៀត ក្រុមហ៊ុន Huawei ត្រូវបានពាក្យចចាមអារ៉ាមថ្មីជាច្រើន បាននិយាយថា ក្រុមហ៊ុននេះគ្រោងនឹងផលិតទៅលើស្មាតហ្វូនអេក្រង់រមូរ (rollable screen) របស់ខ្លួនហើយ។ ក្រុមហ៊ុននេះ អាចនឹងផលិតទ្រង់ទ្រាយធំនៅក្នុងឆ្នាំនេះទៀតផង។ យោងតាមការទម្លាយខាងលើនេះ បានអះអាងថា បន្ទាប់ពីការបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 តង់របស់ខ្លួនរួចហើយនោះ ក្រុមហ៊ុននេះ ក៏បានចាប់ផ្តើមធ្វើការនៅលើស្មាតហ្វូនដែលមានអេក្រង់រមូរដំបូងបំផុតរបស់ខ្លួនផងដែរ។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ មានគម្រោងនៅក្នុងការបញ្ចេញនូវផលិតផលជាច្រើននៅក្នុងឆ្នាំនេះ ដែលនៅក្នុងនោះមានដូចជាស្មាតហ្វូនលំដាប់ថ្នាក់ Flagship, ថេប្លេតថ្មីៗ រួមនិងកម្មវិធី HarmonyOS PC Software សម្រាប់ Notebooks ហើយថែមទាំងមានស្មាតហ្វូនអេក្រង់បត់បានថែមទៀត។ បើតាមអ្នកទម្លាយ @Setsuna Digital បានបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺមានគោលដៅមួយទៀតក្នុងការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ និងស្មាតហ្វូនអេក្រង់រមូរនៅក្នុងឆ្នាំនេះ។

បន្ទាប់ពីការប្រកាសដាក់លក់នៅលើទីផ្សាររួចមក ក្រុមហ៊ុននេះ គឺមិនបញ្ឈប់ក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ទី 2 របស់ក្រុមហ៊ុននេះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងចាប់ផ្តើមការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន Mate XT ជំនាន់ទី 2 នៅក្នុងឆ្នាំនេះ ហើយម៉ូដែលនេះ អាចនឹងបង្ហាញវត្តមាននៅពាក់កណ្តាលឆ្នាំ 2026 នេះ។ ប្រភពដដែលនេះ បន្តថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ ក៏អាចនឹងបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់រមូរនៅក្នុងឆ្នាំ 2025 នេះ ឬនៅដើមឆ្នាំក្រោយនេះផងដែរ។

បើមើលទៅលើប៉ាតង់របស់ស្មាតហ្វូនអេក្រង់រមូររបស់ក្រុមហ៊ុន Huawei នេះ មានការអភិវឌ្ឍប្រហែលជា 4 ឆ្នាំមកហើយ។ ក្រុមហ៊ុនជាច្រើនដូចជា Samsung និងTecno ក៏បានបង្ហាញនូវគំរូរបស់ស្មាតហ្វូនអេក្រង់រមូរនេះកាលពីពេលមុនជាយូរមកហើយ ប៉ុន្តែស្មាតហ្វូនទាំងនេះមិនទាន់បានបង្ហាញខ្លួនជាផ្លូវការ និងលក់ទៅកាន់អតិថិជននៅឡើយទេ។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រុមហ៊ុន Huawei និយាយថា នឹងបញ្ចេញនូវផលិតផលជាច្រើនដែលមនុស្សជាច្រើននឹកស្មានមិនដល់ ហើយវត្តមានរបស់ស្មាតហ្វូនអេក្រង់រមូរនេះអាចនឹងបង្ហាញខ្លួនទៅកាន់អ្នកប្រើប្រាស់ជាផ្លូវការផងដែរ៕
