
ក្រុមហ៊ុន Xiaomi Motor បានបិទការបញ្ជាទិញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន SU7 ក្រោយទទួលបានការបញ្ជាទិញដ៏ច្រើនលើសលប់រហូតដល់ជាង 10 ម៉ឺនគ្រឿង។ ជាមួយគ្នានេះ Xiaomi Motor បានធ្វើការនាំចេញរថយន្តអគ្គិសនីអគ្គិសនីដំបូងរបស់ខ្លួនទៅកាន់ដៃអតិថិជនដែលបានបញ្ជាទិញចំនួនបានជិត 10 ម៉ឺនគ្រឿងនាអំឡុងគិតត្រឹមខែមិថុនានេះ។ ដែលនេះ គឺបានបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់សម្រាប់ការលក់រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានឥទ្ធិពលរបស់ប្រទេសចិនមួយនេះ។
បន្ទាប់ពីមើលឃើញពីភាពជោគជ័យនៅក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយម៉ូដែលដំបូង SU7 របស់ខ្លួន Xiaomi ត្រូវបានគេរាយការថា គឺបាននឹងកំពុងធ្វើការលើម៉ូដែលមួយផ្សេងទៀតរួចហើយ អាចជាម៉ូដែលរថយន្តកូនកាត់នៃស្ថិតក្នុងសមាជិក Xiaomi SU7 ឬអាចហៅបានថា SU7-PHEV។ របាយការណ៍៍នេះ អាចកើតឡើងពិតមែន ដោយសារបុគ្គលិកធ្វើការផ្នែករថយន្តក្នុងក្រុមហ៊ុនបានធ្វើឲ្យមានការបែកធ្លាយរូបភាព Screenshot ដោយចៃដន្យដែលបានបង្ហាញការអភិវឌ្ឍន៍រថយន្តម៉ូដែលថ្មីជាមួយការពិពណ៌នាទាក់ទងនិងការងារ និងតម្រូវការជាដើម។

យោងទៅលើប្រភពព័ត៌មានបាននិយាយថា Xiaomi កំពុងធ្វើការលើរថយន្តកូនកាត់ ឬ Plug-in-hybridដំបូងរបស់ខ្លួន។ ក្រុមហ៊ុននេះ ក៏បាននឹងកំពុងប្រកាសជ្រើសរើសវិស្វករដែលទទួលខុសត្រូវលើ "ការធ្វើផែនការផ្នែកបច្ចេកវិជ្ជាគ្រប់គ្រងកម្ដៅរថយន្ត និងការបង្កើតកម្មវិធីរថយន្ត" ជាដើម។ បេក្ខជននឹងត្រូវមានបទពិសោធន៍ការងារលើសពី 15 ឆ្នាំនៅក្នុងឧស្សាហកម្មរថយន្ត បទពិសោធន៍ 10 ឆ្នាំក្នុងការរួមបញ្ចូលប្រព័ន្ធក្នុងការគ្រប់គ្រងកម្ដៅ និងត្រូវទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ផលិតរថយន្ត Hybrid លើសពីរ ឬរថយន្តប្រភេទ EREV (Extended-range electric vehicle) ទៀតផង។ ទោះជាយ៉ាងណាគេមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយចេញពីក្រុមហ៊ុន Xiaomi នៅឡើយទេ ពាក់ព័ន្ធនឹងគម្រោងនៃការផលិតរថយន្ត PHEV ឬ EREV។

យ៉ាងណាមិញប្រធានក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្វៀងការឆ្លើយសំណួរអំពីរថយន្តប្រភេទថ្មីរបស់ក្រុមហ៊ុនលោកនៅក្នុងការផ្សាយផ្ទាល់តាមរយះបណ្តាញ Douyin (Tiktok)។ ទោះបីជាយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមលេចលឺពេលមុនថា រថយន្តទី 2 របស់ក្រុមហ៊ុន Xiaomi គឺជារថយន្តប្រភេទ SUV ហើយគ្រោងនឹងប្រកាសចេញលក់នៅចុងឆ្នាំនេះ និងដាក់លក់ផ្លូវការណ៍នៅឆ្នាំ 2025។ ក្រុមហ៊ុន Xiaomi ក៏ត្រូវបានគេរាយការណ៍ថាមានគម្រោងក្នុងការចេញលក់នូវម៉ូដែលរថយន្តដែលមានតម្លៃសមរម្យជាងតម្លៃរថយន្តបច្ចុប្បន្ននេះ ដែលអាចនឹងមានតម្លៃប្រហែល 150,000 យាន់ ($20,670) Sហើយថ្មីនោះក៏អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ 2026 ទៀតផង៕
