
បន្ទាប់ពីការបង្ហាញវត្តមាន Huawei Mate 60 Series មួយរយៈនោះ គេសង្កេតឃើញថា តម្រូវការទៅលើស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei នៅតែបន្តកើនឡើង ដែលបានធ្វើអោយចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple ធ្លាក់ចុះបន្តិចម្តងៗដែលកត្តានេះគឺជាហេតុបណ្តាលអោយការនាំចេញស្មាតហ្វូន iPhone មានការធ្លាក់ចុះដល់ទៅ 15% នេះ បើតាមការបញ្ជាក់របស់លោក Ming-Chi Kuo។ អ្នកវិភាគរូបនេះ ក៏បានចេញនូវរបាយការណ៍មួយដែលបង្ហាញអំពីបញ្ហានៃការលក់របស់ស្មាតហ្វូន iPhone នេះនៅក្នុងឆ្នាំ 2024 ផងដែរ។
មកទល់នឹងពេលនេះ បើទោះបីជាក្រុមហ៊ុន Apple រក្សាបាននូវចំណាត់ថ្នាក់លេខ 1 នោក្នុងទីផ្សារស្មាតហ្វូនរបស់ចិនក្នុងឆ្នាំ 2023 ក៏ដោយ សម្រាប់ឆ្នាំ 2024 ខាងមុខនេះ អាចនឹងក្លាយជាឆ្នាំ ដែលមានការប្រជែងខ្លាំងសម្រាប់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Apple អាចនឹងទទួលបាននូវការធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំនេះ។ នៅក្នុងរបាយការណ៍មួយចេញពីអ្នកវិភាគ Ming-Chi Kuo នេះ ក្រុមហ៊ុន Apple បានបន្ថយទៅលើចំនួននៃការនាំចេញស្មាតហ្វូនដល់ទៅ 15% បើធៀបទៅនឹងឆ្នាំមុននេះ សម្រាប់ឆ្នាំ 2024 ហើយហេតុផលនៃការធ្លាក់ចុះរបស់ក្រុមហ៊ុននេះ គឺដោយសារតែក្រុមហ៊ុន Huawei។

សូមជំរាបថា ក្រុមហ៊ុន Apple តែងតែផ្តោតទៅលើទីផ្សាររបស់ចិនដែលជាទីផ្សារធំបំផុត មួយក្នុងចំណោមទីផ្សារជាច្រើនសម្រាប់ការលក់ទៅលើស្មាតហ្វូន iPhone របស់ខ្លួន។ ប៉ុន្តែថ្មីៗនេះ ប្រជាជនជាច្រើនរបស់ចិន បានងាកទៅលើចាប់អារម្មណ៍ទៅលើស្មាតហ្វូន AI ជាពិសេសទៅលើស្មាតហ្វូនដែលអាចបត់បាន។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនជាច្រើនរបស់ចិន ក៏បានចាប់ផ្តើមអភិវឌ្ឍ និងលក់ទៅលើស្មាតហ្វូនបត់បានជាបន្តបន្ទាប់ ហើយវាក៏មានការផ្ទុះចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សាររបស់ចិនថែមទៀត។
ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏ទើបតែបញ្ចេញនូវស្មាតហ្វូន AI របស់ខ្លួននោះ គឺ Galaxy S24 series ហើយក្រុមហ៊ុនក៏បង្កើនទៅលើការនាំចេញស្មាតហ្វូននេះដល់ទៅ 5%-10% ផងដែរ។ សម្រាប់ក្រុមហ៊ុន Apple វិញនៅមិនទាន់ប្រឡូកនៅក្នុងទីផ្សារនៃបច្ចេកវិទ្យា AI នៅឡើយទេ ប្រហែលជាអាចនៅក្នុងឆ្នាំ 2025។ កត្តាទាំងនេះ អាចបណ្តាលអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកនេះ មានការធ្លាក់ចុះទៅលើការនាំចេញស្មាតហ្វូនដល់ទៅ 10%-15%។

ការនាំចេញស្មាតហ្វូន iPhone 15 series នឹងមានការធ្លាក់ចុះនៅក្នុងឆមាសទី 1 ឆ្នាំនេះ ខណៈពេលដែលការនាំចេញស្មាតហ្វូន iPhone 16 នឹងមានការធ្លាក់ចុះផងដែរ នៅក្នុងឆមាសទី 2 ឆ្នាំ 2024 ។ សម្រាប់ការនាំចេញស្មាតហ្វូន iPhone នៅក្នុងប្រទេសចិន អាចនឹងមានការធ្លាក់ចុះចន្លោះពី 30%-40% បើធៀបទៅនឹងឆ្នាំមុននេះ៕
