
យោងតាមការបញ្ជាក់ពីអគ្គនាយករបស់ក្រុមហ៊ុន Huawei បានសន្យាថា ខ្លួននឹងមាននាំយកនូវផលិតផលជាច្រើនដែលមានសមត្ថភាពខ្ពស់លើសពីការស្មាននៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុននេះ ក៏មានគម្រោងអស្ចារ្យជាច្រើនសម្រាប់ឆ្នាំ 2025 នេះផងដែរ។ ក្រៅពីស្មាតហ្វូន និងថេប្លេតប្រភេទ Flagship នោះ Huawei ក៏នឹងបង្ហាញចេញនូវផលិតផលជាច្រើនដែលមានភាពច្នៃប្រឌិតខ្ពស់ជាច្រើនទៀតនៅក្នុងឆ្នាំក្រោយនេះ។
លោក Yu Chengdong ដែលជាអគ្គនាយកផ្នែក Huawei Consumer Business Group បានធ្វើការចែករំលែកវីដេអូថ្មីមួយនៅលើគណនី Weibo របស់គាត់ ដោយវីដេអូ 1 នាទី គឺបានបង្ហាញអំពីកិច្ចប្រជុំប្រចាំឆ្នាំ Huawei Consumer Annual Meeting 2024 ដែលនឹងប្រារព្ធឡើងនៅក្នុងទីក្រុង Shenzhen នៅថ្ងៃទី 28-30 ខែធ្នូខាងមុខនេះ។ ជាមួយនិងព័ត៌មាននេះលោកក៏បានផ្តល់នូវព័ត៌មានលម្អិតនៃព្រឹត្តិការណ៍នេះផងដែរ។
អគ្គនាយករូបនេះ ក៏បានបង្ហាញអំពីដំណើរការរួមរបស់ក្រុមហ៊ុននេះនៅក្នុងឆ្នាំនេះផងដែរ។ បន្ទាប់ពីការដាក់ទណ្ឌកម្មរយៈពេល 5 ឆ្នាំ ក្រុមហ៊ុន Huawei ក៏បានវិលត្រឡប់ទៅកាន់ទីផ្សារស្មាតហ្វូនវិញ។ សម្រាប់ឆ្នាំ 2024 គឺជាឆ្នាំដំបូងនៃការវិលត្រឡប់របស់ក្រុមហ៊ុន Huawei ក្នុងការប្រជែងនៅលើទីផ្សារវិញ។

ក្រុមហ៊ុននេះ ក៏មានកំណើនយ៉ាងឆាប់រហ័សផងដែរ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមបញ្ចេញនូវផលិតផលជាច្រើនដែលមានភាពអស្ចារ្យបំផុត។ លោក Yu បាននិយាយថា ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើគំនិតក្នុងការបង្កើតនូវផលិតផលចាច្រើនដែលក្រុមហ៊ុនជាច្រើនទៀតមិនអាចធ្វើបាន។ ឧទាហរណ៍នៃផលិតផលមួយដែលក្រុមហ៊ុននេះប្រកាសបង្ហាញនោះគឺស្មាតហ្វូនបត់បាន 3 តង់ដំបូងបំផុតរបស់ពិភពលោកនោះគឺ Mate XT ។
បន្ថែមពីនេះ ក្រមហ៊ុននេះ ក៏បញ្ចេញនូវ HarmonyOS NEXT ដែលមានការពង្រឹងទៅលើផ្នែក software កាន់តែប្រសើរជាងមុនថែមទៀត។ ស្មាតហ្វូន Mate 70 series នេះក៏ក្លាយជាផលិតផលមួយទៀតនៅក្នុងបញ្ជីនេះដែលមានមុខងារពិសេសៗជាច្រើន។ ប៉ុន្តេវាមិនទាន់ជាទីបញ្ចប់នោះទេ។ លោក Yu Chengdong បាននិយាយថា “វានឹងមានផលិតផលជាច្រើនទៀតដែលគ្មានអ្នកណាម្នាក់អាចស្រមៃបានទេនៅឆ្នាំក្រោយនេះ ហើយវាក៏មានផលិតផលជាច្រើនដែលគ្មានអ្នកណាម្នាក់ហ៊ានស្រមៃសម្រាប់ពេលអនាគតនោះទេ។”

លោក Yu Chengdong ក៏បានថ្លៃងអំណរគុណសម្រាប់អ្នកប្រើប្រាស់ជាច្រើនដែលបានគាំទ្រ ជឿជាក់ទៅលើក្រុមហ៊ុនជាយូរមកហើយ។ គាត់បានអញ្ជើញអោយគ្រប់គ្នាមកចូលរួមព្រឹត្តិការណ៍ Huawei Consumer Annual Meeting 2024 ផ្អែកទៅលើប្រធានបទ “Colorful World” ផងដែរ៕
