នៅពេលនេះ ទីផ្សារម៉េមូរី ត្រូវបានគេមើលឃើញថា បានក្លាយជាឧបសគ្គដ៏ធំសម្រាប់ក្រុមហ៊ុនជាច្រើនដោយសារតែការកើនឡើងនៃតម្លៃ និងកង្វះទៅលើការផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានាពេលកន្លងទៅនេះ ប៉ុន្តែក្រុមហ៊ុន Huawei វិញបានត្រៀមខ្លួនប្រកបដោយភាពឆ្លាតវៃទៅលើស្មាតហ្វូនរបស់ខ្លួនផងដែរ។ នៅពេលនេះ ក្រុមហ៊ុនក៏មានគម្រោងក្នុងការចាត់វិធានការដ៏ធំមួយទៅលើទីផ្សារស្មាតហ្វូនផងដែរ។

កាលពីថ្ងៃទី 20 ខែមេសានេះ ក្រុមហ៊ុន Huawei បានបង្ហាញស្មាតហ្វូនជំនាន់ថ្មី Pura និងផលិតផលជាច្រើនទៀត។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការប្រកួតប្រជែងនៅលើទីផ្សារផងដែរ។ ខណៈពេលដែលអ្នកប្រើប្រាស់ជាច្រើនគិតថា តម្លៃរបស់ស្មាតហ្វូន Huawei Pura 90 series នឹងមានការកើនឡើងខ្លាំងនោះ ក្រុមហ៊ុននេះ បានធ្វើអោយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាមួយនឹងការរក្សានូវតម្លៃដ៏ល្អសម្រាប់ស្មាតហ្វូនថ្មីនេះ។
ក្រុមហ៊ុន Huawei អះអាងថា ក្រុមហ៊ុន ក៏ធ្លាប់មានការលំបាកផងដែរ នៅពេលដែលកំណត់តម្លៃទៅលើស្មាតហ្វូន Pura 90 series។ តម្លៃរបស់ស្មាតហ្វូន Flagship ចុងក្រោយបំផុតនេះគឺមានតម្លៃ 4699 យ៉ន់ ហើយក្រុមហ៊ុននេះ ក៏ខិតខំក្នុងការរក្សានូវតុល្យភាពនៃតម្លៃរបស់ស្មាតហ្វូនធៀបទៅនឹងទីផ្សារផងដែរ។ ដូចគ្នាទៅនឹងម៉ាកយីហោស្មាតហ្វូនជាច្រើនទៀតផងដែរ ស្ថានភាពម៉េមូរីនេះ មិនមែនជារឿងល្អនោះទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ តម្លៃនៃការផលិតមានការកើនឡើងប្រហែលជា 1200 យ៉ន់ ទៅ 1500 យ៉ន់។

តាមការបញ្ជាក់ពីលោក Richard Yu ដែលជាអគ្គនាយក និងប្រធានក្រុមហ៊ុន Huawei Consumer Business ក៏បានពន្យល់អំពីហេតុផលដែលក្រុមហ៊ុន មិនបង្កើនទៅលើតម្លៃនៃស្មាតហ្វូនរបស់ខ្លួន ដូចម៉ាកយីហោជាច្រើនទៀតនៅលើទីផ្សារនោះទេ បើទោះបីជាតម្លៃម៉េមូរីមានការកើនឡើងក៏ដោយ។ លោក Yu និយាយថា ក្រុមហ៊ុនបានព្យាយាមក្នុងការនាំយកនូវបទពិសោធន៍ដ៏ល្អបំផុតកាន់តែប្រសើរក្នុងការប្រើប្រាស់ជាមួយនឹងតម្លៃដ៏សមរម្យបំផុតក្នុងការប្រើប្រាស់។

បើទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ក្រុមហ៊ុននៅតែផ្តល់នូវតម្លៃដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ យ៉ាងណាមិញ ពាក់ព័ន្ធទៅនឹងស្មាតហ្វូនជាច្រើនទៀតនាពេលអនាគត នាយកប្រតិបត្តិនេះ បាននិយាយថា ស្រមោលនៃសម្ពាធថ្លៃដើមនេះនៅតែគ្របដណ្តប់ទៅលើក្រុមហ៊ុនជាច្រើន។ ប្រសិនបើតម្លៃនៃម៉េមូរីនេះ មានការកើនឡើងខ្លាំងនោះ វានឹងបង្កើនអោយតម្លៃនៃស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផងដែរ៕
