
ស្មាតហ្វូនបត់បាន 3 បត់ (tri-fold) របស់ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនក្នុងការប្រកាសចេញនៅលើទីផ្សារសកលនាថ្ងៃទី 10 ខែកញ្ញាខាងមុខនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងប្រជែងជាមួយនឹងស្មាតហ្វូន iPhone 16 Series ។ ក្រុមហ៊ុន Huawei នេះ នឹងប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ Autumn របស់ខ្លួននៅសប្តាហ៍ក្រោយនេះ ដែលនឹងបង្ហាញនូវផលិតផលថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់។
សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន Huawei នៅមិនទាន់ប្រកាសជាផ្លូវការអំពីវត្តមានរបស់ស្មាតហ្វូនបត់បាន (Tri-fold) នៅឡើយទេ ប៉ុន្តែលោក Yu Chengdong ដែលជាអគ្គនាយករបស់ Huawei Consumer Business Group និយាយថា ការបង្ហាញនូវផលិតផលថ្មនៅថ្ងៃទី 10 ខែកញ្ញានេះ គឺជាផលិតផលថ្មីបំផុត និងច្នៃប្រឌិតបំផុត ពិសេសប្លែកបំផុតមិនធ្លាប់មាន។ លោក Yu Chengdong បាននិយាយទៀតថា ការបង្កើតនូវរបកគំហើញថ្មីរបស់ក្រុមហ៊ុនគឺនៅទីនេះ! វាគឺជាផលិតផលដែលក្រុមហ៊ុនចាច្រើនទៀតបានគិត ប៉ុន្តែមិនអាចធ្វើបាន។ បន្ទាប់ពីការស្រាវជ្រាវអស់ពេលជាច្រើនឆ្នាំ និងតស៊ូស្វែងរករហូតនោះ ក្រុមហ៊ុន Huawei បានសម្រេចជោគជ័យក្នុងការប្រែក្លាយពីវិទ្យាសាស្រ្តបែបប្រឌិតទៅជាការពិត។ ការងារនេះគឺរួចរាល់ហើយ!

អ្វីដែលគួរអោយកត់សម្គាល់នោះ នាយកប្រតិបត្តិរូបនេះ បាននិយាយនូវពាក្យដូចគ្នានេះ នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ Live Stream អំពីស្មាតហ្វូនបត់បាន 3 បត់ (Tri-fold) របស់ក្រុមហ៊ុននេះ។ ការរង់ចាំនេះ គឺដល់ពេលហើយ ខណៈពេលដែលស្មាតហ្វូនបត់បាន 3 បត់ (Tri-fold) របស់ក្រុមហ៊ុន Huawei នឹងបង្ហាញខ្លួននៅលើឆាកនៅថ្ងៃទី 10 ខែកញ្ញានេះ មានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងមុខងារជាច្រើន។ ព្រឹត្តិការណ៍ Huawei នេះ ប្រារព្ធឡើងស្របគ្នាជាមួយក្រុមហ៊ុន Apple ដែលមានការបង្ហាញចេញនូវផលិតផលថ្មីជាច្រើនរបស់ខ្លួនដូចគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកាំងមួយនេះ នឹងមានបង្ហាញនូវស្មាតហ្វូន iPhone 16 Series នៅថ្ងៃទី 9 ខែកញ្ញា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរនេះក៏ចាប់ផ្តើមប្រជែងគ្នាកាន់តែខ្លាំងទៅលើស្មាតហ្វូនថ្មីនេះ។

លោក Yu Chengdong ធ្លាប់បានលើកឡើងអំពីស្មាតហ្វូនបត់បាន 3 បត់របស់ខ្លួនអស់ពេលជាច្រើនដងមកហើយ។ នៅក្នុងការទម្លាយមុននេះ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Kirin 9 series ជាមួយនឹងកាមេរ៉ាមូលនៅខាងក្រោយ និងតួខ្លួនស្លីមជាងមុនផងដែរ។ ស្មាតហ្វូននេះនឹងមានបំពាក់នូវមុខងារ AI ជាច្រើនថែមទៀត។ ការផ្លាស់ប្តូរដ៏ធំមួយទៀតគឺទៅលើភាពធន់នៃបច្ចេកវិទ្យា hinge technology ជាមួយនឹងយន្តការ inward + outward folding ។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ទំហំ 10-អ៊ីង ជាមួយនឹងដំណោះស្រាយ UTG ថ្មី ដែលកាន់តែមានភាពជឿជាក់ជាងស្មាតហ្វូនបត់បានជាច្រើន ដែលកំពុងមានវត្តមាននៅលើទីផ្សារ៕
