
ស្ងាត់ៗ ក្រុមហ៊ុន Honor បង្ហាញនូវសញ្ញានៃការមកដល់នៃស្មាតហ្វូនប្រណិតស៊េរីថ្មីរបស់ខ្លួននោះគឺ Honor Magic 8 RSR Porsche Design។ ខណៈពេលដែល មិនទាន់មានការប្រកាសជាផ្លូវការនៃកាលបរិច្ឆេទ ឬលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជាផ្លូវការនោះ ព័ត៌មានថ្មីចុងក្រោយបំផុតនេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ បានត្រៀមខ្លួនក្នុងការប្រកាសជាផ្លូវការឆាប់ៗខាងមុខនេះហើយ។
តាមការបង្ហើបចេញពីលោក Cao Gong ដែលជាវិស្វករផ្នែក Honor R&D បានបញ្ជាក់ថា គាត់កំពុងតែតេស្តនៅលើស្មាតហ្វូនថ្មីនេះហើយ។ ការបង្ហោះនៅលើ Weibo នេះ ក៏ត្រូវបានយកមកបង្ហោះឡើងវិញដោយលោក A Yong ដែលជាវិស្វករផ្នែក Honor Performance Optimization R&D ដែលបានទម្លាយអំពីឈ្មោះរបស់ស្មាតហ្វូន Honor Magic 8 RSR នេះ។ ស្មាតហ្វូនថ្មីនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការតេស្តកម្រិតខ្ពស់ហើយ។ តាមរបាយការណ៍ជាច្រើនថ្មីៗ បានបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានលក្ខណៈសម្បត្តិខ្ពស់ជាងស្មាតហ្វូន Magic 8 Pro ហើយក៏ក្លាយជាស្មាតហ្វូន Flagship ដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុននេះផងដែរ ដែលមានការផ្តោតទៅលើការឌីស្សាញ កម្លាំងម៉ាស៊ីន និងរូបភាពដ៏ខ្លាំងក្លានោះ។

ស្មាតហ្វូនស៊េរីថ្មី Magic 8 RSR Porsche Design នេះ នឹងមានរ៉េមទំហំ 24GB ហើយវានឹងក្លាយជាស្មាតហ្វូនដ៏ខ្លាំងក្លាបំផុតនៃត្រកូល Flagship Android សម្រាប់ឆ្នាំ 2026 នេះ។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 ដែលកាលពីមុនក៏ធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Magic 8 ផងដែរ។ សម្រាប់កាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មានការបង្កើនផងដែរ។ ស្មាតហ្វូននេះ នឹងបំពាក់នូវកាមេរ៉ាគោលទំហំ 50MP OmniVision OV50R LOFIC ជាមួយនឹងសិនស័រ 1/1.3 អ៊ីង។ សម្រាប់ Dynamic Range របស់កាមេរ៉ានេះ ក៏មានការបង្កើនដល់ទៅ 110dB ដែលអាចថតរូបភាពបានច្បាស់មិនធម្មតានោះទេ។

បន្ថែមពីនេះ ស្មាតហ្វូនជំនាន់នេះ ក៏ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.71 អ៊ីង កម្រិត 1.5K LTPO display, និងមានថាមពលថ្ម 7,200mAh គាំទ្រដោយកម្លាំងសាក 120W wired fast charging និងមានមុខងារ wireless charging, satellite connectivity និងបច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ដូចជា 3D ultrasonic fingerprint និង 3D face recognition ។ ជាមួយគ្នានេះ នៅលើស្មាតហ្វូនថ្មីនេះ នឹងមានការទ្រទ្រង់នូវបច្ចេកវិទ្យា IP68, IP69 និង IP69K សម្រាប់ការពារធូលី និងទឹក។ ស្មាតហ្វូនថ្មីនេះ នឹងមាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ Slate Grey និង Moonstone៕
