ស្វែងរកពួកយើង:

វីដេអូដំបូងកាន់បង្ហាញផ្ទាល់ដៃពី iPhone 17 Series ខណៈ iPhone 17 Air មានកម្រាស់ស្តើងមែនទែន

ដោយ

Koun Jab Luffy

01 ឧសភា 2025 10:27 ព្រឹក

អាន 2 នាទី

Article image
មានប្រភពព័ត៌មានជាច្រើនបានធ្វើការទម្លាយចេញពីរូបរាងនៃការឌីស្សាញទូរស័ព្ទ iOS ជំនាន់ថ្មីឆ្នាំ 2025 គឺ iPhone 17 Series។ ក្នុងឆ្នាំនេះ iPhone 17 Series គឺមានជម្រើស 4 ម៉ូដែល ដូចជំនាន់មុខដដែលមាន iPhone 17, iPhone 17 Pro, iPhone 17 Pro Max ហើយនិង iPhone 17 Air ដែលជាម៉ូដែលថ្មីជំនួសម៉ូដែល iPhone 17 Plus។ ដោយឡែកនៅថ្ងៃនេះ មានការបង្ហាញចេញនៅវីដេអូកាន់ផ្ទាល់ដៃនៃគំរូ iPhone 17 Series ដោយក្នុងនោះមានការបង្ហាញថា iPhone 17 Air គឺមានកម្រាស់ស្តើងស្លីមខ្លាំងមែនទែនបើធៀបនឹង iPhone 17 ផ្សេងទៀត។
តាមវីដេអូបានបង្ហាញថា iPhone 17 Air គឺមានកម្រាស់ត្រឹម 5.65mm ដែលមានកម្រាស់ក្រាស់ជាងរន្ធ USB-C របស់តែបន្តិចប៉ុណ្ណោះ។ iPhone 17 Air ត្រូវបានគេដឹងថាជាម៉ូដែលជំនួសឲ្យម៉ូដែល Plus ដែលមានទីផ្សារលក់មិនសូវល្អក្នុងរយះពេលប៉ុន្មានឆ្នាំមកនេះ ហើយជាមួយការឌីស្សាញជាមួយកម្រាស់ដ៏ស្តើងរបស់ iPhone 17 Air ត្រូវបានគេជឿជាក់ថា អាចនឹងទាក់ទាញទីផ្សារអ្នកប្រើប្រាស់បានច្រើនជាងម៉ូដែល Plus។ បន្ថែមពីនេះ iPhone 17 Air ក៏ត្រូវបានគេដឹងថា ជាបរិបទថ្មីនៃបដិវត្តន៍នៃការឌីស្សាញទូរស័ព្ទ iPhone មានកម្រាស់ស្តើងរបស់ក្រុមហ៊ុន Apple ផងដែរ។
នៅក្នុងវីដេអូក៏បានបង្ហាញផងដែរថា iPhone 17 Pro និង iPhone 17 Pro Max មានការឌីស្សាញផ្ទៃកាមេរ៉ាខាងក្រោយខុសគ្នា ប៉ុន្តែ បណ្តុំលែនកាមេរ៉ារក្សាភាពដូចគ្នាដដែល។ សម្រាប់ផ្ទៃកាមេរ៉ារបស់ iPhone 17 Pro រក្សាទម្រង់ដូចជំនាន់ iPhone 16 Pro ដដែល ខណៈផ្ទៃកាមេរ៉ាក្រោយរបស់ iPhone 17 Pro Max មានការឌីស្សាញបែបចតុកោណលាតពីគែមម្ខាងដល់គែមម្ខាងទៀត។
Article image
បើតាមប្រភពព័ត៌មានផ្សេងទៀតបានរាយការណ៍ថា iPhone 17 Series នឹងមានការប្រើប្រាស់ស៊ុមប្រភេទអាលុយមីញ៉ូមជាមួយផ្ទៃខ្នងលោហៈ ដែលមិនត្រឹមតែគាំទ្រនូវប្រព័ន្ធសាកភ្លើងជាមួយដុំឆ្នាំងសាក MagSafe នោះទេ ថែមទៀតផងអនុញ្ញាតិឲ្យ iPhone គាំទ្រមុខងារផ្ទេរថាមពលថ្ម reverse wireless charging បានផងដែរ។ iPhone 17 Series នឹងមកដល់ផ្លូវការណ៍នៅក្នុងខែកញ្ញា ឆ្នាំ 2025៕
វីដេអូដំបូងកាន់បង្ហាញផ្ទាល់ដៃពី iPhone 17 Series ខណៈ iPhone 17 Air មានកម្រាស់ស្តើងមែនទែន