
កំពូល Tablet ជំនាន់ថ្មីរបស់ Samsung គឺ Galaxy Tab S10+ និង Tab S10 Ultra មិនបានបង្ហាញវត្តមានព្រមគ្នាជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 6 និង Galaxy Z Flip 6 នោះទេ។ ប៉ុន្តែ គេដឹងថា Samsung នឹងធ្វើការបញ្ចេញកំពូល Tablet ជំនាន់ថ្មីរបស់ខ្លួននៅក្នុងឆ្នាំនេះ។
ដោយកាលពីសប្តាហ៍មុនមានលេចលឺព័ត៌មានថា Samsung Galaxy Tab S10+ និង Galaxy Tab S10 Ultra នឹងបង្ហាញវត្តមាននៅក្នុងខែតុលាឆ្នាំ 2024 នេះ។ ហើយនៅថ្ងៃនេះមានការទម្លាយព័ត៌មានបន្ថែមទៀតថា Galaxy Tab S10 Series នឹងត្រូវចាប់ផ្តើមផលិតនៅខែសីហាខាងមុខនេះ។

បើតាមការបញ្ជាក់ពីអ្នកជំនាញផ្នែកអេក្រង់លោក Ross Young មកពីស្ថាប័ន Display Supply Chain Consultant គឺ Galaxy Tab S10 Series នឹងត្រូវប្រកាសចេញនៅខែតុលាឆ្នាំនេះយ៉ាងពិតប្រាកដ។ ហើយ Galaxy Tab S10 Series គឺមានជម្រើសតែពីរពណ៌ប៉ុណ្ណោះ មានពណ៌ប្រផេះ និងទឹកប្រាក់។លោក Young ក៏បានបញ្ជាក់បន្ថែមទៀតថា Galaxy S10+ និង Tab S10 Ultra គឺនឹងចាប់ផ្តើមផលិតនៅក្នុងខែសីហា។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីវត្តមានម៉ូដែល Galaxy Tab S10 នោះទេ។

បើតាមប្រភពព័ត៌មានចចាមអារាមដែលបានចេញផ្សាយកាលពីដើមខែសីហានេះ បានបញ្ជាក់ថា គឺមិនមានវត្តមាន Galaxy Tab S10 នោះទេក្នុងឆ្នាំនេះ គឺមានតែវត្តមានម៉ូដែល Galaxy Tab S10+ និង Tab S10 Ultra តែប៉ុណ្ណោះ។ ទន្ទឹងនឹងនេះ ប្រភពព័ត៌មានចចាមអារាមបានបញ្ជាក់ទៀតថា Samsung Galaxy Tab S10+ និង Galaxy Tab S10 Ultra នឹងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9300+ ជំនួសឲ្យ Qualcomm Snapdragon 8 Gen 3 ដែលបច្ចុប្បន្ន គឺមានប្រើតែនៅលើ OnePlus Pad 2 ប៉ុណ្ណោះ៕
