ស្វែងរកពួកយើង:

សេចក្តីរាយការណ៌ថ្មី! iPhone 17 នឹងប្រើប្រាស់រ៉េម និងបន្ទះឈីបដូចគ្នាទៅនឹង iPhone 16

ដោយ

Koun Jab Luffy

02 មិថុនា 2025 08:10 ព្រឹក

អាន 2 នាទី

Article image
គិតមកទល់នឹងពេលនេះ បើនិយាយពីស្មាតហ្វូនស៊េរីថ្មី iPhone 17 របស់ក្រុមហ៊ុន Apple ឃើញថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានការទម្លាយនូវព័ត៌មានជាច្រើនរួចមកហើយ។ វត្តមានស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើល ហើយ ក៏អាចនឹងមានការហួសចិត្តផងដែរ។
យោងតាមពាក្យចចាមអារ៉ាមជាច្រើនកន្លងមក បានទម្លាយថា iPhone 17 នឹងមានប្រើប្រាស់នូវអេក្រង់ធំ ហើយនិងមានការអាប់ដែតទៅលើផ្នែកផ្សេងៗជាច្រើនទៀតផងដែរ។ ប៉ុន្តែអ្វីដែលនឹងធ្វើអោយគ្រប់គ្នាហួសចិត្តនោះ គឺមានពាក្យចចាមអារ៉ាមទម្លាយថា iPhone 17 គឺនឹងមានការប្រើប្រាស់នូវបន្ទះឈីប ហើយនិងរ៉េមមានទំហំដូចទៅនឹងស្មាតហ្វូនជំនាន់មុនអញ្ចឹង។
តាមការបញ្ជាក់ចេញពីកំណត់ត្រាស្រាវជ្រាវរបស់អ្នកវិភាគ Jeff Pu របស់ក្រុមហ៊ុន GF Securities បានអោយដឹងថា ស្មាតហ្វូន iPhone 17 នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2025 នេះជាមួយនឹងអេក្រង់ទំហំ 6.3-អ៊ីង ប្រៀបធៀបជាមួយនិងម៉ូដែលមុនទំហំត្រឹមតែ 6.1 អ៊ីងប៉ុណ្ណោះ។ ស្មាតហ្វូន iPhone 17 នេះ ក៏នឹងមានការបំពាក់នូវបន្ទះឈីប A18 និងរ៉េមទំហំ 8GB ដូចគ្នាទៅនឹងស្មាតហ្វូន iPhone 16 ផងដែរ។ សម្រាប់ស្មាតហ្វូន  iPhone 17 Air, Pro និងPro Max នឹងប្រើប្រាស់នូវបន្ទះឈីប A19 និងរ៉េមទំហំ 12GB។
Article image
ក្រឡេកមកមើលទៅលើប្រព័ន្ធកាមេរ៉ាស្មាតហ្វូន iPhone 17 នេះវិញ គឺនឹងមានកាមេរ៉ាគោលទំហំ 48MP ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាការពារកម្រិត IP68 រួមជាមួយនឹង iOS 26 ផងដែរ។ សូមជំរាបថា ក្រុមហ៊ុន Apple នឹងមានរៀបចំនូវព្រឹត្តិការណ៍ WWDC របស់ខ្លួននៅថ្ងៃទី 9 ខែមិថុនាខាងមុខនេះហើយ ដូច្នេះឆាប់ៗនេះ យើងគ្រប់គ្នាអាចនឹងទទួលបាននូវព័ត៌មានថ្មីជាច្រើនទៀតពី iPhone 17 ជាក់ជាមិនខាន។ គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏ធ្វើការតេស្តទៅលើកាមេរ៉ាទំហំ 200MP សម្រាប់ស្មាតហ្វូន iPhone នាពេលខាងមុខផងដែរ៕
សេចក្តីរាយការណ៌ថ្មី! iPhone 17 នឹងប្រើប្រាស់រ៉េម និងបន្ទះឈីបដូចគ្នាទៅនឹង iPhone 16