
ថ្មីៗនេះមានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Samsung មានផែនការយុទ្ធសាស្រ្តថ្មីសម្រាប់ស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន តាមរយៈនៃការបញ្ចេញនូវម៉ូដែល Galaxy Z Flip FE នាពេលខាងមុខនេះ។ សម្រាប់វត្តមានស្មាតហ្វូននេះ គឺជាផ្នែកដ៏សំខាន់នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់ទៅលើការប្រជែងទីផ្សារស្មាតហ្វូនអេក្រង់បត់បានដែលតម្លៃសមរម្យ។ សម្រាប់ “FE” series បានក្លាយជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃ។ ដូច្នេះ Galaxy Z Flip FE ក៏នឹងក្លាយជាម៉ូដែលថ្មីដែលមានតម្លៃសមរម្យនៅក្នុងការប្រើប្រាស់ផងដែរ។
ជាធម្មតារៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung តែងតែបញ្ចេញនូវស្មាតហ្វូនអេក្រង់បត់បានម៉ូដែល Flip និងម៉ូដែល Fold Series នៅលើទីផ្សារ។ ប៉ុន្តែក្រោយពីមានភាពជោគជ័យរបស់ស្មាតហ្វូនម៉ូដែល Galaxy Z Fold6 Special Edition បានជម្រុញអោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ រកនូវគំនិតថ្មីៗសម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនថែមទៀត។ Galaxy Z Flip FE គឺជាស្មាតហ្វូន FE បត់បានដំបូងបំផុត ដែលក្រុមហ៊ុន Samsung ត្រូវគិតគូរទៅលើតុល្យភាពនៃតម្លៃ និងមុខងាររបស់អ្នកប្រើប្រាស់។

កន្លងមក មានការបែកធ្លាយជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip FE អាចនឹងមានអេក្រង់ដូចគ្នាទៅនឹងស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip 7 ប៉ុន្តែថ្មីៗនេះមានរបាយការណ៍ចេញពីអ្នកវិភាគ Ross Young បានទម្លាយថា ស្មាតហ្វូនអេក្រង់ Flip FE នឹងប្រើប្រាស់នូវអេក្រង់ចេញពីស្មាតហ្វូនបត់បាន Galaxy Z Flip6។ យុទ្ធសាស្រ្តនេះនឹងជួយអោយក្រុមហ៊ុន Samsung អាចកាត់បន្ថយទៅលើតម្លៃនៃការផលិតផងដែរដែលអនុញ្ញាតអោយស្មាតហ្វូន Flip FE នេះកាន់តែមានតម្លៃសមរម្យ។ ការប្រើប្រាស់នូវ hardware ជំនាន់ចុងក្រោយបំផុត អាចនឹងធ្វើអោយស្មាតហ្វូនបត់បាន Galaxy Z Flip FE ក្លាយជាជម្រើសមួយដែលអតិថិជនជាច្រើនគួរតែសម្រេចចិត្តទិញ៕
