ស្វែងរកពួកយើង:

ស្ងាត់ៗ Nissan ចាប់ដៃជាមួយក្រុមហ៊ុនចិន ចេញភីកអាប់ថ្មី រូបរាងកាច ហើយនឹងមានម៉ាស៊ីន Hybrid ទៀត!

ដោយ

Koun Jab Luffy

15 មករា 2025 10:14 ព្រឹក

អាន 2 នាទី

Article image
អីចឹងនេះគឺជាឡានភីកអាប់ Dongfeng Z9 ទើបតែបានបង្ហាញខ្លួនថ្មីៗ នៅលើទីផ្សារប្រទេសចិន ដែលវាជាការសហការណ៍ផលិតរវាង ក្រុមហ៊ុនឡានជប៉ុន Nissan និង ក្រុមហ៊ុនឡានចិន Dongfeng។ ភីកអាប់មួយនេះផ្តល់ជម្រើសម៉ាស៊ីន ចំនួន 2 ប្រភេទ គឺ៖ ទី 1 ម៉ាស៊ីនសាំង ចំណុះ 2.0L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 258 សេះ និង ទី 2 ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.3L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 190 សេះ។
ម៉ាស៊ីនទាំង 2 ជម្រើសនេះ ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ ខណៈប្រភេទម៉ាស៊ីន Hybrid ក៏កំពុងស្ថិតក្រោមការផលិតដែរ ដើម្បីប្រជែងជាមួយ BYD Shark។ ថ្វីបើមិនទាន់មានព័ត៌មានលម្អិត អំពីម៉ាស៊ីនកូនកាត់ខាងលើ ប៉ុន្តែគេបានដឹងថា វាអាចផលិតកម្លាំងបានដល់ 435 HP និង កម្លាំងរមួល 800 NM ហើយមានចម្ងាយបើកបរសរុប រហូតដល់ទៅ 1,100 KM ឯណោះ។
Article image
ភីកអាប់ Dongfeng Z9 នេះ ប្រើប្រាស់គ្រោងឆ្អឹងថ្មី ហើយមានប្រវែងតួខ្លួន 5.52m ទទឹង 1.96m កម្ពស់ 1.95m និង គម្លាតពីកង់មុខទៅកង់ក្រោយ 3.30m. បើនិយាយពីរូបរាងវិញ វាមានការឌីហ្សាញស្អាត និងទាក់ភ្នែក ហើយមើលទៅក៏ប្លែកខុស ពីភីកអាប់ដទៃទៀតដែរ។ នៅផ្នែកខាងមុខ វាមានបំពាក់អំពូលបំភ្លឺពេលថ្ងៃ LED រចនាជារាងអក្សរ Z ហើយមានប៉ាណាមុខ រចនាបែប Split Design នឹង មានកាងមុខផ្នែកខាងក្រោម ពណ៌ទឹកប្រាក់លាយខ្មៅ។
Article image
ចំណែកឯផ្នែកខាងក្នុងវិញ វាមានការរចនា និងរៀបចំបានស្អាត បែបតិចនិយម ហើយមានបំពាក់ដៃចង្កូត រចនាបែប 2 កាំ, កុងទ័រឌីជីថល និង អេក្រង់កម្សាន្តផ្នែកកណ្តាលធំ ផងដែរ។ សូមបញ្ជាក់ឲ្យដឹងដែរថា ចំពោះសង្វាក់ផលិតកម្មនៃឡានភីកអាប់ Dongfeng Z9 នេះ បានចាប់ផ្តើមរួចមកហើយ នៅក្នុងប្រទេសចិន ប៉ុន្តែគេមិនទាន់ដឹងឡើយថា ក្រុមហ៊ុនទាំង 2 គ្រោងនឹងនាំចេញ Z9 យកទៅលក់ លើទីផ្សារដទៃទៀត ឬក៏អត់នោះទេ។
Article image
ស្ងាត់ៗ Nissan ចាប់ដៃជាមួយក្រុមហ៊ុនចិន ចេញភីកអាប់ថ្មី រូបរាងកាច ហើយនឹងមានម៉ាស៊ីន Hybrid ទៀត!