
យោងតាមរបាយការណ៌ថ្មីចេញពីក្រុមហ៊ុនសិក្សាទីផ្សារ Canalys បានបង្ហាញថា ការនាំចេញនាឡិកាឆ្លាតវៃចាប់ពីថ្ងៃទី 1 ខែមករាដល់ថ្ងៃទី 31 ខែមីនា នៅលើទីផ្សារសកល គឺមានចំនួន 46.6 លានគ្រឿង។ តួរលេខនេះ បានបញ្ជាក់ពីការកើនឡើង 13% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺក្រុមហ៊ុន Xiaomi បានក្លាយជាអ្នកនាំមុខគេនៅលើទីផ្សារទូទាំងពិភពលោក ជាមួយនិងការនាំចេញនាឡិកាឆ្លាតវៃរបស់ខ្លួនបានចំនួន 8.7 លានគ្រឿង និងមានចំណែកទីផ្សារ 19%។
បើតាមការបញ្ជាក់នៅលើទិន្នន័យនេះបានអោយដឹងថា Xiaomi មានការរីកចំរើនប្រចាំឆ្នាំ 44% ទៅលើការនាំចេញនូវនាឡិកាឆ្លាតវៃ Smart Band និង Watch series ក៏ដូចជាផលិតផលតម្លៃសមរម្យមួយចំនួនទៀតរបស់ Redmi series។ នាឡិកាឆ្លាតវៃ Redmi Band 5 ត្រូវបានគេមើលឃើញថា គឺជាម៉ូដែលមួយដែលលក់ដាច់ជាងគេបំផុតនៅលើទីផ្សារនាត្រីមាសទី 1 នេះ។

ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានឈេរនៅលើលេខ 2 ជាមួយនិងការនាំចេញបាន 7.6 លានគ្រឿងមានចំណែកទីផ្សារ 16%។ សម្រាប់អ្នកដែលឈរនៅលើលេខ 3 គឺក្រុមហ៊ុន Huawei។ ក្រុមហ៊ូននេះមានការនាំចេញនាឡិកាឆ្លាតវៃបានចំនួន 7.1 លានគ្រឿង មានចំណែកទីផ្សារ 15%។ ក្រុមហ៊ុននេះត្រូវបានគេមើលឃើញថា បាននឹងកំពុងតែមានប្រជាប្រិយភាពខ្លាំងមែនទែ តាមរយៈនៃការប្រកាសចេញនូវផលិតផលថ្មីៗ មានសមត្ថភាពខ្ពស់ ដែលមានដូចជា Watch GT និង Watch Fit series ជាដើម។

ចំពោះក្រុមហ៊ុន Samsung វិញ ត្រូវបានគេមើលឃើញថា បាននាំចេញនូវនាឡិកាឆ្លាតវៃបានចំនួន 4.9 លានគ្រឿង មានចំណែកទីផ្សារចំនួន 11%។ សម្រាប់ត្រីមាសទី 1 នេះ ក្រុមហ៊ុន Garmin ក៏ត្រូវបានគេឃើញថា បានឈរនៅលើកំពូលតារាង Top 5 ផងដែរ ដោយអាចនាំចេញនាឡិកាឆ្លាតវៃបានចំនួន 1.8 លានគ្រឿង មានចំណែកទីផ្សារ 4%។
